ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជំនាញអះអាងថា បឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 28
មន្រ្តីជំនាញអះអាងថា បឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ មន្រ្តីជំនាញអះអាងថា បឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ

បឹងយក្ខឡោម ស្ថិតនៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មកផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងនៅ ថ្ងៃ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ថា ភាពល្អក់របស់បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ កាលពី១០ឆ្នាំមុនពោលគឺនៅ ឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ ហើយវាបានថ្លាទៅវិញរយៈពេល ១០ទៅ ១៥ថ្ងៃ ។

ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មក គឺបឹងលំកុដនិង បឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ តែតាមការកត់សម្គាល់របស់លោក ឱ្យតែប្រទេសជិតខាងមានព្យុះ ឬ បាតុភូតធម្មជាតិអ្វីមួយកើតឡើង គឺបឹងយក្ខឡោមក៏មានសភាពល្អកដែរ ។ លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹងលំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ដោយឡែកយោងតាមមន្រ្តីនៃមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តរតនគិរី ក៏បានឱ្យដឹងផងដែរថា បឹងយក្ខឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹងបន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្ខឡោម ដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕