សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចម្រេះទី១ របស់ CNRP សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ លោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចម្រេះទី១ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ បានដាក់លិខិតសុំចូលរួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា។ ការមកសុំរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហើបអោយដឹងថា មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិបើចូលមករួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា តំណែងនឹងត្រូវរក្សាទុកដដែល ដោយហេតុថា សម្តេចតេជោ បានព្យាករណ៍ជាមុនថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ ដោយសារអំពើក្បត់ជាតិរបស់ប្រធានបក្សប្រឆាំងមួយនេះ។
យោងតាមខ្លឹមសារនៃលិខិតលាលែងពីបក្សសង្គ្រោះជាតិ លោក ស្មាន ហ៊ីម បានបញ្ជាក់ថា « ពីមុនខ្ញុំ ខ្ញុំបាទនឹកស្មានថា ការតស៊ូដណ្តើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្តែ ក្រោយពីខ្ញុំបាទ បានឃើញឃ្លីបវីដេអូ និងសកម្មភាពជាក់ស្តែង ញុះញង់បំបែកបំបាក់ខ្មែរជាពីរ។ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ (CNRP ) សុខចិត្តឱនក្បាលបំរើបរទេស គឺដើម្បីតែអំណាច មិនគិតពីមហន្តរាយរបស់ជាតិមាតុភូមិ នេះហើយ ជាអំពើក្បត់ជាតិ។ ហេតុនេះហើយ បានជាខ្ញុំសុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។