ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល កំពុងរៀបចំបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីចាក់ជូនប្រជាពលរដ្ឋតាមការស្ម័គ្រចិត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
ក្រសួងសុខាភិបាល កំពុងរៀបចំបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីចាក់ជូនប្រជាពលរដ្ឋតាមការស្ម័គ្រចិត្ត ក្រសួងសុខាភិបាល កំពុងរៀបចំបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីចាក់ជូនប្រជាពលរដ្ឋតាមការស្ម័គ្រចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ពេលនេះក្រសួងសុខាភិបាលបាននិង​កំពុងរៀបចំក្នុងការបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅកាន់បណ្តាខេត្តនានានៅតាម បណ្តាខេត្តនៅជាប់ព្រំដែន ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត បន្ទាប់ពីធ្វើការ​បណ្តុះបណ្តាលក្រុមគ្រួពេទ្យបញ្ចប់រួចរាល់ហើយនោះ។

លោកស្រី បានបញ្ជាក់ថា ខេត្តដែលបាន​បណ្តុះ​បណ្តាល​​គ្រូពេទ្យកាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមកនេះរួចហើយ អីចឹងពេលគាត់ត្រឡប់​ទៅវិញគាត់ត្រូវរៀបចំដើម្បីទទួលវ៉ាក់សាំង ហើយយើងនឹងរៀបចំក្នុងការបញ្ជូន​វ៉ាក់សាំង​នេះជូនទៅដល់ក្រុមគ្រូពេទ្យ ដែលបានបណ្តុះបណ្តាលរួចហើយ ជាពិសេស ខេត្តនៅ​តាមជាប់ព្រំដែនរួមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ រាជធានីភ្នំពេញ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ កែប និងមន្ទីពេទ្យព្រះកុសុមៈ ក៏ដូច​ជា​មជ្ឈមណ្ឌលជាតិគាំពារកុមារ និងទាករ”។

លោកស្រីបានបន្ដថា នៅថ្ងៃទី១៩កុម្ភៈនេះ ក៏មានគ្រុមគ្រូពេទ្យមួយចំនួនដែលមកពីបណ្តាខេត្តដូចជា ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង កំពង់ស្ពឺ កំពង់ឆ្នាំង និងព្រៃវែង ដែលនឹងធ្វើការបញ្ជូន​វ៉ាក់សាំងជា​បន្តបន្ទាប់ទៀត។

លោកស្រីបានបន្ថែមថា “នៅពេលគាត់រៀនចប់ យើងនឹងរៀបចំបញ្ជូនវ៉ាក់​សាំង​ទៅបន្តបន្ទាប់តាមនីតិវិធីរបស់យើងឱ្យបានត្រឹមត្រូវ ជាពិសេសនោះរក្សាទុកវ៉ាក់សាំង គឺ​ទុកក្នុងប្រព័ន្ធត្រជាក់ឱ្យបានត្រឹមត្រូវបំផុតដើម្បីចៀសវាងការខូចគុណភាពវ៉ាក់សាំង”។

លោកស្រី បានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងជំហានដំបូងនេះ​គឺយើងចាក់វ៉ាក់​សាំង​ដែលទទួលបានពីប្រទេសចិន (Sinopharm) ក្នុងកម្រិត៣០០ពាន់ដូស ដោយគ្រោងចាក់លើមនុស្សចំនួន ១៤៩ ៥០០នាក់។ លោកស្រីបានពន្យល់ផងដែរថា ការចាក់វ៉ាក់សាំងនេះ ដោយសារត្រូវរក្សាទុកចំនួនពី១៥ ទៅ២០ភាគរយ នៃការខ្វះខាតដូចជាធ្លាក់បែក បូម​លើស​ជាដើម។ ទន្ទឹមនេះ ចំពោះការចាក់វ៉ាក់សាំងនេះ​គឺអាស្រ័យលើកការស្ម័គ្រចិត្ត ​ឬលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរ ឬក៏ចូលរួមក្នុងការចាក់វ៉ាក់សាំង​កូវីដ-១៩។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានអះអាងថា ក្រសួងចង់ឱ្យមាន​ការចូលរួមចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋឱ្យបានលឿន ពីព្រោះថានៅពេលបន្តិចទៀតកម្ពុជា នឹងទទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់។ ដូច្នេះនៅពេលចប់​ការចាក់វ៉ាក់សាំង​របស់ចិនទៅ យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវ៉ាក់ ជាបន្តទៀត៕

អត្ថបទទាក់ទង