ខ្មែរប៉ុស្ដិ៍ Close

លោកមេធាវី លី ច័ន្ទតុលា ធ្វើសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលការងារគណៈមេធាវីរយៈពេល ១០០ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
លោកមេធាវី លី ច័ន្ទតុលា ធ្វើសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលការងារគណៈមេធាវីរយៈពេល ១០០ថ្ងៃ លោកមេធាវី លី ច័ន្ទតុលា ធ្វើសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលការងារគណៈមេធាវីរយៈពេល ១០០ថ្ងៃ

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលការងារគណៈមេធាវីក្នុងរយៈពេល១០០ថ្ងៃ ក្រោមការដឹកនាំរបស់លោក សម្រាប់អាណត្តិទី១៣។

សូមបញ្ជាក់ថា លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ ក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលរៀបចំឡើងដោយគណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់។

បើតាមការសម្ភាសន៍ផ្ទាល់រវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោក មេធាវី លី ច័ន្ទតុលា, លោកបានមានប្រសាសន៌ថា «ខ្ញុំនឹងដឹកនាំគណៈមេធាវី ឆ្ពោះទៅរកឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមួយនេះ!!! ដោយសន្យាថានឹងបន្តនិរន្តរភាពនៃអ្វីដែលកំពុងតែបានធ្វើដោយប្រសើររួចហើយនាពេលបច្ចុប្បន្ន និងអនុវត្តនូវអ្វីដែលជាកិច្ចការចាំបាច់ដោយគោរពតាមគោលការណ៍ដឹកនាំទាំង៨ចំណុចរបស់ខ្ញុំ»។

កាលពីថ្ងៃទី០៤ តុលា ឆ្នាំ២០២០កន្លងទៅនេះ លោកមេធាវី លី ច័ន្ទតុលា បានប្រកាសជាឧឡាឬក អំពីគោលការណ៍ដឹកនាំ ៨ចំណុចដូចតទៅ៖

ទី១៖ រឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមបទពិសោធន៍ (មាត្រា៣២) និងការប្រឡងចូលជាមេធាវី (មាត្រា៣១) ដោយយកគុណភាព និងសមត្ថភាពជាគោល។

ទី២៖ ពង្រឹង និងលើកកម្ពស់សមត្ថភាពមេធាវី តាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការដកស្រង់និងផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ទី៣៖ ពង្រឹងកិច្ចសហការ ការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសជាមួយស្ថាប័ននគរបាលយុត្តិធ៌ម ពន្ធនាគារ និងស្ថាប័នតុលាការ។

ទី៤៖ បង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយដែលមេធាវីអាចផ្តល់ឱ្យអតិថិជន។

ទី៥៖ ពង្រីកទំហំការងារដែលមេធាវីអាចផ្តល់ឱ្យអតិថិជន ឱ្យបានកាន់តែច្រើន និងប្រឆាំងនឹងការប្រកួតប្រជែងខុសច្បាប់ពីសំណាក់បុគ្គលដែលមិនមានសិទ្ធិជាមេធាវី។

ទី៦៖ បង្កើតយន្តការផ្តល់តម្លៃ និងកិត្តិយសដល់មេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធ៌មនៅក្នុងសង្គម។

ទី៧៖ បន្តអនុវត្ត និងពង្រឹងយន្តការសុខមាលភាពមេធាវីទាំងអស់ ជាពិសេសយន្តការទាក់ទងនឹងមូលនិធិសម្រាប់ជួយមេធាវីដែលមានវ័យចាស់ និងមានជំងឺធ្ងន់ធ្ងរ។

និងទី៨៖ បង្កើនអន្តរកម្មរវាងគណៈមេធាវី និងមេធាវីទាំងអស់ និងការផ្តល់សេវាឱ្យបានកាន់តែប្រសើរជូនដល់មេធាវីទាំងអស់។

ក្រៅពីគោលការណ៍ទាំង៨ចំណុចនេះ ក្នុងនាមជាប្រធានគណៈមេធាវីកម្ពុជា លោកមេធាវី លី ច័ន្ទតុលា បានអំពាវនាវដល់សមាជិក-សមាជិកាមេធាវី ទាំងអស់ ចូលរួមឱ្យបានច្រើនធ្វើជាមេធាវី ស្ម័គ្រចិត្តរបស់គណៈមេធាវី ក្នុងការប្រឹក្សាយោបល់ ផ្នែកច្បាប់ ក៏ដូចជាការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករនិយោជិត ដែលខ្វះលទ្ធភាពពឹងពាក់មេធាវី ដើម្បីធ្វើការការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់។

លោកមេធាវី បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គម ឱ្យកាន់តែប្រសើរឡើង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពី ការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃ។

ដើម្បីសម្រេចបាននូវគោលនយោបាយនេះ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវការចាំបាច់នូវការចូលរួមពីសមាជិក-សមាជិកាមេធាវីទាំងអស់ដោយស្ម័គ្រចិត្ត ក្នុងដំណើរការលើការពិគ្រោះយោបល់ច្បាប់ និងការពារក្តីជូនជនក្រីក្រ៕ Fresh news