ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយក EDC: ភូមិចំនួន៩៧.៣៩ភាគរយនៃប្រទេសកម្ពុជា បានទទួលអគ្គិសនីពីបណ្តាញជាតិរួចហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
អគ្គនាយក EDC: ភូមិចំនួន៩៧.៣៩ភាគរយនៃប្រទេសកម្ពុជា បានទទួលអគ្គិសនីពីបណ្តាញជាតិរួចហើយ អគ្គនាយក EDC: ភូមិចំនួន៩៧.៣៩ភាគរយនៃប្រទេសកម្ពុជា បានទទួលអគ្គិសនីពីបណ្តាញជាតិរួចហើយ

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ គិតដល់ពេលនេះ ភូមិចំនួន១៣ ៧៩៨ភូមិ ស្មើនឹង៩៧.៣៩ភាគរយនៃប្រទេសកម្ពុជា បានទទួលអគ្គិសនីពីបណ្តាញជាតិរួចហើយ ខណៈភូមិចំនួន៣៧០ភូមិទៀតប៉ុណ្ណោះ មិនទាន់តភ្ជាប់ជាមួយបណ្តាញជាតិ ដែលនឹងត្រូវបញ្ចប់ពេលដ៏ខ្លីខាងមុខ។

លោករដ្ឋមន្ត្រីបន្តថា «ក្នុងយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឲ្យគ្រប់ភូមិទាំងអស់នៃប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិឲ្យបានឆាប់បំផុត ហើយបច្ចុប្បន្ននេះ ដោយសារការកែទម្រង់ស៊ីជម្រៅរបស់អគ្គិសនីកម្ពុជា និងការដឹកនាំឈានមុខរបស់អគ្គិសនីកម្ពុជា ភូមិចំនួនជិត៩៨ភាគរយរួចហើយ ដែលមានអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិ សល់តែជាង៣០០ភូមិទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់»។

ជាផ្នែកមួយដើម្បីជួយដល់ភូមិ ដែលនៅដាច់ស្រយាលពីបណ្តាញជាតិ (តំបន់កោះ) ឲ្យមានអគ្គិសនីតប្រើប្រាស់នោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក កែវ រតនៈ បានអមដំណើរជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញត្រួតពិនិត្យ នូវគម្រោងសាកល្បងការផ្គត់ផ្គង់អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ១០០% នៅភូមិស្ទឹងជ្រៅ ខេត្តកំពង់ឆ្នាំង ដែលជាការសាកល្បងប្រភពថាមពលដើរ ដោយពន្លឺព្រះអាទិត្យខ្នាតតូចមួយ ដើម្បីចែកចាយក្នុងភូមិស្ទឹងជ្រៅ ដែលជាភូមិដាច់ស្រយាល។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្វីត្បិតតែគម្រោងថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះ ជាគម្រោងរបស់ក្រុមហ៊ុន OKRA នេះមានកម្រិតតូច មិនអាចប្រើប្រាស់តាមចិត្ត ១០០% ប៉ុន្តែនេះជាជំហ៊ានមួយ ក្នុងផ្គត់ផ្គង់ពន្លឺថាមពលស្អាត ទៅដល់ភូមិដាច់ស្រយាល ដែលនៅឆ្ងាយពីបណ្តាញជាតិ ដែលនេះ ជាចំណែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងឲ្យភូមិនៅប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ ១០០% ទូទាំងប្រទេសក្នុងពេលដ៏ខ្លី ហើយយុទ្ធសាស្ត្រដែលបង្កើតប្រភពថាមពល ទៅឲ្យប្រជាជនគ្រប់ភូមិនេះ គឺកន្លែងអាចពង្រីកបណ្តាញជាតិ ទៅដល់នឹងបន្តពង្រីកបណ្តាញជាតិ ប៉ុន្តែចំពោះភូមិដែលនៅដាច់ស្រយាលគ្មានបណ្តាញជាតិទៅដល់ ដូចជាភូមិស្ទឹងជ្រៅ ដែលជាតំបន់កោះ ឆ្ងាយពីបណ្តាញជាតិ ដូច្នេះថាមពលស្អាត ដែលជាពន្លឺព្រះអាទិត្យ អាចជាដំណោះស្រាយមួយ ក្នុងការជួយសម្រួលជីវភាព របស់ប្រជាពលរដ្ឋជាបណ្តោះអាសន្ន៕

អត្ថបទទាក់ទង