សម្តេចតេជោ ប្រកាសឲ្យកូនប្រុសសម្តេចទាំង៣រូប រួមទាំងកូនប្រសារពីរនាក់ទៀត ចាក់វ៉ាក់សាំងកូវីដ-១៩
(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទង ទៅនឹងបញ្ហាជំងឺកូវីដ-១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីបញ្ចាប់ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងនេះ ពីមិត្តចិនរួចហើយនោះ សម្ដេចតេជោ បានប្រកាសឱ្យកូនប្រុសទាំង៣ និងកូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ចិន ។
សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ផងដែរ។ ជាមួយគ្នានោះ ឆ្លើយតបទៅនឹង អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង សម្ដេចតេជោ បានបញ្ជាក់ថា សម្តេចមានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ ខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ជាជំនួយភាគីចិន បានបញ្ជូនមកដល់កម្ពុជា ដែលមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ តាមក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន៕