ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីនេប៉ាល់ ផ្ញើសារថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រាប់ការឧបត្ថម្ភនូវបរិក្ខារវេជ្ជសាស្ត្រពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
នាយករដ្ឋមន្ត្រីនេប៉ាល់ ផ្ញើសារថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រាប់ការឧបត្ថម្ភនូវបរិក្ខារវេជ្ជសាស្ត្រពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នាយករដ្ឋមន្ត្រីនេប៉ាល់ ផ្ញើសារថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រាប់ការឧបត្ថម្ភនូវបរិក្ខារវេជ្ជសាស្ត្រពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ បានផ្ញើសារលិខិតមួយជូន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយសម្ដែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភនូវបរិក្ខារវេជ្ជសាស្ត្រពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ។ នេះបើតាមលិខិតនាយករដ្ឋមន្ត្រីនេប៉ាល់ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានបញ្ជាក់ថា ជាមួយនឹងការឧបត្ថម្ភនេះកម្ពុជាបានឈរនៅជាមួយនេប៉ាល់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកចាត់ទុកកាយវិការនេះ ជាសក្ខីកម្មបញ្ជាក់អំពីមិត្តភាពដែលកំពុងរីកដុះដាល និងជាការបន្តនូវសុឆន្ទៈ និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ យើងនឹងចងចាំជានិច្ចនូវការគាំទ្រ និងសុឆន្ទៈនេះ។

នេប៉ាល់ និងកម្ពុជា បាននិងកំពុងរីករាយជាមួយទំនាក់ទំនងល្អបំផុតមិនធ្លាប់មានពីមុនមកចាប់ តាំងពីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃចំណងការទូតរបស់យើង។ ទំនាក់ទំនងរបស់យើងដែលផ្អែកលើសុឆន្ទៈដ៏ធំធេងការគោរពគ្នាទៅវិញទៅមក និងការឱ្យតម្លៃគ្នាទៅវិញទៅមក ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមលោកនាយករដ្ឋមន្ត្រីនេប៉ាល់។

លោកបន្តទៀតថា «ខ្ញុំមានសេចក្ដីរីករាយរំលឹកអំពីទស្សុនកិច្ចផ្លូវការរបស់ខ្ញុំ នៅប្រទេសដ៏ស្រស់ស្អាតរបស់ សម្ដេចតេជោ កាលពីខែឧសភា ឆ្នាំ២០១៩ និងដំណើរទំស្សនកិច្ចរបស់ សម្ដេចតេជោ នៅនេប៉ាល់ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨។ ទស្សនកិច្ចទាំងនេះ បានផ្ដល់ឱកាសដល់យើងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើន ដែលជាផលប្រយោជន៍រួម ព្រមទាំងស្វែងរកមធ្យោបាយថ្មីសម្រាប់ឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ី ជម្រៅ រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ»។

លោកបន្ថែមថា ទស្សនកិច្ចទាំងនេះទទួលបាននូវជោគជ័យដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌ និងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ។ វប្បធម៌ អរិយធម៌ និងកេរដំណែលរបស់យើង ដូចជាឧទ្យានប្រវត្តិសាស្ត្រ លុម្ពិនី និងប្រាសាទអង្គរវត្ត បានរំលឹកយើងអំពីទំនាក់ទំនង វប្បធម៌ដ៏យូរលង់របស់យើង និងបញ្ជាក់ពី ទំនាក់ទំនងដ៏ខ្លាំងក្លារវាងប្រជាជនយើងទាំងពីរ។

លោកជឿជាក់ថា ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសយើង ទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្នុងថ្ងៃអនាគត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១កន្លងទៅ បានផ្តល់ជំនួយម៉ាស និងសម្ភារបរិក្ខារពេទ្យមួយចំនួនដល់ប្រទេសនេប៉ាល់។ អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និងរដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន ៕

ខាងក្រោមនេះជាសារលិខិតលោកនាយករដ្ឋមន្ត្រីនេប៉ាល់៖