ខ្មែរប៉ុស្ដិ៍ Close

វិទ្យាស្ថាន NIPTICT ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bosch ដើម្បីដាក់ដំណើរការរោងជាងឌីជីថល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ បច្ចេកវិទ្យា 62
វិទ្យាស្ថាន NIPTICT ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bosch ដើម្បីដាក់ដំណើរការរោងជាងឌីជីថល The latest in fourth industrial revolution technology tools will be available to students, professors, and researchers at NIPTICT’s Digital Makerspace as the result of an MoU signed with Bosch Cambodia. Supplied

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងក្រុមហ៊ុន Bosch (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុក របស់ក្រុមហ៊ុនអេឡិចត្រូនិកនិងវិស្វកម្ម ឈានមុខគេ របស់ប្រទេសអាល្លឺម៉ង់ Bosch Group បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ លើកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍ រោងជាងឌីជីថល (Digital Makerspace) ក្នុងទីតាំងវិទ្យាស្ថាន។

វិទ្យាស្ថាន NITPICT និងក្រុមហ៊ុន Bosch (Cambodia) នឹងសហការគ្នា រួមជាមួយក្រុមហ៊ុន ArrowDot ដែលជាដៃគូអភិវឌ្ឍន៍របស់វិទ្យាស្ថានជាតិ NIPTICT ដើម្បីចូលរួមអភិវឌ្ឍន៍ រោងជាងឌីជីថល (Digital Makerspace) ក្នុងមជ្ឍមណ្ឌលនវានុវត្តន៍ឌីជីថល។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ArrowDot ក៏នឹងផ្ដល់ជូននូវកម្មវិធីមួយចំនួនដូចជា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស លើឧបករណ៍និងបច្ចេកវិទ្យារបស់ BOSCH សម្រាប់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និងអ្នកជំនួយការបច្ចេកទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការជម្រុញធនធានមនុស្ស និងនិស្សិតហាត់ការលើវិស័យបច្ចេកវិទ្យាផងដែរ។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា៖ «អនុស្សារណៈនេះ ពិតជាមានសារសំខាន់ណាស់ព្រោះវាជាការបើកផ្លូវ ឲ្យនិស្សិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវរបស់ វិទ្យាស្ថានជាតិ NIPTICT ទទួលបាននូវបទពិសោធន៍ថ្មីៗជាមួយ ឧបករណ៍ និងបច្ចេកវិទ្យារបស់ BOSCH បន្ថែមទៀតជាមួយនឹងការរីកចម្រើនខ្លាំង ផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។»

លោកថា៖ «រោងជាងឌីជីថល (Digital Makerspace) នឹងផ្តល់សម្រាប់ការចាប់ផ្តើមអាជីវកម្មវ័យក្មេងជាមួយនឹងទីតាំងនិងឧបករណ៍ដើម្បីគាំទ្រដល់ការច្នៃប្រឌិតថ្មីនៅក្នុងឌីជីថលនិងបច្ចេកវិទ្យាជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនព្រីន 3D និងឧបករណ៍នានា»។

លោក ហៃ ភិរម្យ អគ្គនាយក នៃក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានថ្លែងក្នុងពិធីនេះផងដែរថា៖ «ក្រៅពីការ ប្ដេជ្ញាក្នុងការអភិវិឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដែលជួយឲ្យជីវិតកាន់តែប្រសើរ Bosch ក៏មានគោលដៅចម្បងមួយ ក្នុងការចូលរួមជួយ លើកស្ទួយនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកទេស»។

លោកបន្ថែមថា៖ «ការសហការជាមួយវិទ្យាស្ថានជាតិ NIPTICT និង ក្រុមហ៊ុន ArrowDot ពិតជាមានសារៈសំខាន់ក្នុងការរួមគ្នា ជួយបណ្តុះបណ្តាលវិជ្ជាជិវៈជំនាញផ្នែកបច្ចេកវិទ្យាទំនើប ដើម្បី រួមចំណែក ត្រៀមធនធានមនុស្សរបស់ប្រទេសកម្ពុជាយើងសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។»

គួរបញ្ជាក់ឲ្យដឹងផងដែរថា វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ឯកទេស ទូរគមនាគមន៍ (Telecoms) និងពាណិជ្ជកម្ម អេឡិចត្រូនិក (e-Commerce) ដំបូងបង្អស់នៅកម្ពុជា ដែលបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ NIPTICT ផ្ដល់ការបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក ថ្នាក់បរិញ្ញាបត្រទូរគមនាគមន៍និងបណ្ដាញ និងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ៕ Khmer Times

អត្ថបទទាក់ទង