ខ្មែរប៉ុស្ដិ៍ Close

    លោកស្រី អ៊ឹង កន្ថាផាវី៖ ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានាពីជំងឺដ៏កាចសាហាវកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 351
    លោកស្រី អ៊ឹង កន្ថាផាវី៖ ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានាពីជំងឺដ៏កាចសាហាវកូវីដ-១៩លោកស្រី អ៊ឹង កន្ថាផាវី៖ ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានាពីជំងឺដ៏កាចសាហាវកូវីដ-១៩

    នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី ដែលសន្និបាតនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ លោកស្រី មានប្រសាសន៍ថា ជំងឺកូវីដ-១៩ ចាប់ផ្តើមកើតនៅចុងឆ្នាំ២០១៩ និងបានរីករាលដាលជាសកល ហើយករណីឆ្លងថ្មីកំពុងបន្តកើនជារៀងរាល់ថ្ងៃ។ មកទល់ពេលនះ វិបត្តិនៃជំងឺកូវីដនៅមិនទាន់ចប់នៅឡើយទេ ទន្ទឹមនឹងនេះ រលកថ្មីនៃជំងឺនេះ ពិសេសការរីករាលដាលនៃកូវីដប្រភេទថ្មី តាមបណ្តាប្រទេសមួយចំនួនកំពុងបង្កើតឱ្យមានក្តីបារម្ភថ្មី
    ទៀត។ នៅក្នុងវិបត្តិនេះ នៅក្នុងទិដ្ឋភាពជាសកល មានការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា កូវីដ-១៩មានផលប៉ះពាល់ជាអវិជ្ជមានមកលើស្រ្តីច្រើនជាងបុរស ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

    លោកស្រី បានបន្តថា ទោះជាយ៉ាងណា សម្រាប់កម្ពុជា ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា ឱ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈវិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតនិងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិ។

    លោកស្រី រដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមទៀតថា៖ ដើម្បីឆ្លើយតបនឹងវិបត្តិខាងលើនេះ រាជរដ្ឋាភិបាលកំពុងរៀបចំក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ នឹងផ្តោតលើអភិក្រមចំនួន៣គឺ៖
    ទី១- យុទ្ធសាស្រ្ត ដើម្បីរស់ (Survival) ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចផង និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផង ព្រមទាំងដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្មនិងធុរកិច្ច ពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងក្នុងវិស័យថ្មីៗដែលមានសក្តានុពល ព្រមទាំងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងការជំរុញការប្រើប្រាស់និងការចំណាយក្នុងស្រុក។ ក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានាដែលមានស្រាប់ ក៏ដូចជាបន្តនូវអន្តរាគមន៍ផ្សេងៗ របស់រាជរដ្ឋាភិបាល ដូចជាការបន្តអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្មជាដើម។

    ទី២- ការកែទម្រង់ (Reform) សំដៅពន្លឿនការធ្វើពិពិធកម្ម ទាំងផ្នែកផលិតកម្ម សេវាកម្មនិងទីផ្សារ ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនិងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច ព្រមទាំងការជំរុញនិងអភិវឌ្ឍឌីជីថលភាវូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យក្លាយទៅជាកាលានុវត្តភាព ។

    ទី៣- ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាពនិងបរិយាប័ន្ន តាមរយៈការកសាងនិងពង្រឹងសមត្ថភាពស្ថាប័ន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគន្លឹះ, ការបង្កើនការអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធសុខាភិបាល, ការធានាធនធានក្នុងស្រុកគ្រប់គ្រាន់ ដោយការបង្កើនលំហរថវិកា, ការធានាភាពធន់ក្នុងវិស័យហិរញ្ញវត្ថុ តាមការអភិវឌ្ឍយន្តការឆ្លើយតបទៅនឹងវិបត្តិ និងការបង្កើនប្រភពហិរញ្ញប្បទានក្នុងស្រុក, ការកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ដោយការជំរុញការធ្វើពិពិធកម្ម និងការពង្រឹងភាពប្រកួតប្រជែង និងការកសាងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ, ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលធានាតុល្យភាពរវាងតម្រូវការអភិវឌ្ឍ និងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុជាដើម៕