ខ្មែរប៉ុស្ដិ៍ Close

    ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smile

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 628
    ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smileឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smile

    លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅដើមខែកក្កដា ខាងមុខ។ ការស្នើសុំរបស់ឯកអគ្គរាជទូតនេះ ធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

    លោក អ៊ូក សោភ័ណ បានជម្រាបជូនប្រតិភូក្រុមហ៊ុន Thai Airways អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ព្រមទាំងវឌ្ឍនភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ថ្ងៃនេះ គឺពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះឡើយ។

    លោក Viset Sontichai និងសហការី បានទទួលយកសំណើរបស់ឯកអគ្គរាជទូតកម្ពុជា និងសន្យាបន្តធ្វើការជាមួយការិយាល័យអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ដើម្បីរៀបចំបញ្ជីផលិតផលប្រណិតខ្មែរ ព្រមទាំងផ្សព្វផ្សាយសេវាកម្មជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ជូនធុរជន និងភ្ញៀវទេសចរ នៅក្នុងប្រទេសកម្ពុជា និងថៃ៕