ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ដើម្បីតាមដាន និងគ្រប់គ្រង់គ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 62
ក្រសួងការពារជាតិ ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ដើម្បីតាមដាន និងគ្រប់គ្រង់គ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា ក្រសួងការពារជាតិ ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ដើម្បីតាមដាន និងគ្រប់គ្រង់គ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនចិនមួយ ដែលមានឈ្មោះថា ស៊ែនសូរ៉ូ ខេមបូឌា (Sensoro Cambodia) ដើម្បីគ្រប់គ្រង់ និងតាមដាននូវគ្រោះមហន្តរាយនានា ជាពិសេសករណីអគ្គិភ័យ ខណៈឧបករណ៍ទាំងនោះអាចបង្ការទុកជាមុនតាមរយៈបច្ចេកវិទ្យាឈានមុខដ៏ទំនើបនោះ។
ថ្លែងក្នុងកម្មវិធីចុះអនុស្សរណៈនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនចិននេះ គឺនឹងធ្វើឲ្យក្រសួងការពារជាតិកម្ពុជា កាន់តែមានធនធានបន្ថែមទៀត ក្នុងការគ្រប់គ្រង់ហេតុការណ៍ គ្រោះមហន្តរាយទាំងឡាយ អោយបានលឿន និងទាន់ពេលវេលា ខណៈករណីនេះបានកើតឡើងជារៀងរាល់ឆ្នាំ ដោយពុំបានដឹងជាមុននោះ។

លោក នាង ផាត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ស៊ែនសូរ៉ូ ខេមបូឌា Sensoro Cambodia ដែលបានសម្រេចយកប្រទេសកម្ពុជាធ្វើជាដៃគូ ខណៈប្រទេសជិតខាងកម្ពុជានៅពុំទាន់មានបច្ចេកវិទ្យាទំនើបទាំងនេះសម្រាប់គ្រប់គ្រង់គ្រោះធម្មជាតិទាំងនេះនៅឡើយនោះ។ នៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់នោះដែរ តំណាងក្រុមហ៊ុន ស៊ែនសូរ៉ូ ខេមបូឌា Sensoro Cambodia បានលើកឡើងថាក្រសួងការពារជាតិ ជាកម្លាំងស្នូលដ៏មុតមាំ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយគ្រប់ប្រភេទ នាពេលកន្លងមក។ ក៏ប៉ុន្តែ ការគ្រប់គ្រងហានិភ័យ និងការចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយនាពេលបច្ចុប្បន្ន នៅតែស្ថិតក្នុងដំណាក់កាលដោះស្រាយក្រោយកើតហេតុដែលជាស្ថានភាពមិនអាចប្រឆាំងបាន។ ប្រសិនបើអាចបង្ការទុកជាមុនតាមរយៈបច្ចេកវិទ្យាឈានមុខ ដោយទទួលបានការជូនដំណឹង និងរៀបចំវិធានការបង្ការការពារទុកជាមុន ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយឲ្យស្ថិតនៅត្រឹមដំណាក់កាលដំបូង នោះនឹងក្លាយជារឿងដ៏ល្អប្រពៃសម្រាប់ប្រទេសជាតិ និងប្រជាជន។

តំណាងក្រុមហ៊ុន ស៊ែនសូរ៉ូ ខេមបូឌា បានបញ្ចាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយនូវកម្លាំង សម្ភារៈ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយទាំងនេះ។ ប៉ុន្តែការកសាងប្រព័ន្ធ សិន ស័រ (sensor) អំពីគ្រោះអាសន្ន និងគ្រោះមហន្តរាយថ្នាក់ជាតិមួយ គឺជាការងារបន្ទាន់ដែលត្រូវអនុវត្ត តាមរយៈការនាំចូលនូវបច្ចេកទេស អាយ អូ ធី (IOT) ដ៏ថ្មីបំផុត ហើយការប្រើកម្លាំងនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រដើម្បីជួយចូលរួមសម្រេចនូវយុទ្ធសាស្ត្រឈ្នះៗ និងយុទ្ធសាស្ត្រចតុកោណ ជួយជម្រុញប្រទេសជាតិសម្រេចនូវគោលដៅរីកចម្រើនបែបទំនើបកម្ម និងអភិវឌ្ឍន៍ប្រកប ដោយល្បឿនលឿនឲ្យកាន់ឆាប់រហ័សបន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ស៊ែនសូរ៉ូ ខេមបូឌា (Sensoro Cambodia) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ជាមួយក្រុមហ៊ុន ស៊ែនសូរ៉ូ ខេមបូឌា ចាប់ពីពេលនេះតទៅ ៕

អត្ថបទទាក់ទង