លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យស្ថាប័នរដ្ឋខិតខំអភិវឌ្ឍធនធានមនុស្ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សបន្ថែមទៀត ដើម្បីកូនខ្មែរមានសមត្ថភាពប្រកបដោយគុណភាពនាពេលអនាគត។ លោកថា ការងារ និងធនធានមនុស្សមានអតុល្យភាពនឹងគ្នានៅគ្រប់ក្រសួងស្ថាប័នរដ្ឋ និងនៅថ្នាក់ក្រោមជាតិ ក៏ដូចគ្នា។
ដូច្នេះយើងត្រូវគិតគូរឡើងវិញ ទាំងនៅក្រសួងស្ថាប័នរដ្ឋ អង្គភាពនានា និងនៅថ្នាក់ក្រោមជាតិទាំងអស់ មានអតុល្យភាពរវាងការងារ និងធនធានមនុស្ស។ ត្រូវគិតគូរពីការបណ្តុះបណ្តាលធនធានមនុស្សឲ្យសមស្របនឹងការងារជំនាញនៅតាមស្ថាប័ននីមួយៗ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក មន្រ្តីរាជការ សិក្ខាកាម និងសិស្ស និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដែលនឹងធានាថា កូនខ្មែរអាចមានសមត្ថភាពកសាងផ្លូវ ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគតខាងមុខ៕