រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើន
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈ ការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ។ ការលើកឡើងនេះ ក្នុងឱកាស លោក សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនគម្រោង ផ្តើមចេញពីយើង និងក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
លោក សាយ សំអាល់ បន្ថែមថា « បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថាន ជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់នៅរបស់យើង។ សង្គមកម្ពុជាមានបរិស្ថានស្អាត និងមានភាពបៃតង គឺកើតចេញពីពលរដ្ឋកម្ពុជាម្នាក់ៗចូលរួមក្នុងសកម្មភាពបរិស្ថាន មានមេត្រីភាពបរិស្ថានប្រកបដោយការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់ »។
លោកបញ្ជាក់បន្ថែមថា ដោយឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងមតិដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងបរិស្ថានបានកំណត់យកការកែទម្រង់ស៊ីជម្រៅ ការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាពខ្ពស់ ស្របទៅតាមទស្សនាទាននៃ « រដ្ឋបាលទំនើប » សំដៅលើប្រព័ន្ធការងារមួយដែលដំណើរការងារដោយបែបបទនីតិវិធីប្រកបដោយប្រសិទ្ធភាព និងធនធានមនុស្សប្រកបដោយគុណភាព ដែលក្នុងនោះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យល់ច្បាស់អំពីបេសកកម្ម ចក្ខុវិស័យ គោលបំណងរបស់ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់ ហើយបំពេញតួនាទីភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនម្នាក់ៗប្រកបដោយការភ្ញាក់រលឹក មនសិការវិជ្ជាជីវៈ ការច្នៃប្រឌិត ដោយតម្កល់ខ្ពស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ និងឧត្តមប្រយោជន៍នៃប្រជាជន និងជាតិមាតុភូមិ ពោលគឺធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
លោកបានថ្លែងថា ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍមនុស្ស ជាពិសេសយុវជន និងកុមារ តាមរយៈការអប់រំផ្សព្វផ្សាយការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹង សំដៅប្រែក្លាយចំណេះដឹង ទៅជាការប្រតិបត្តិបរិស្ថានល្អ ដូចដែលបានគូសបង្ហាញនៅក្នុងគោលបំណងជាយុទ្ធសាស្ត្រទី៤ នៃយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ២០១៦-២០២៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជួយដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើសមាហរណកម្មបញ្ហាបរិស្ថានទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការវិនិយោគទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធ្វើទំនើប កម្មការគ្រប់គ្រង និងអភិបាលកិច្ចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕



