ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ឥណ្ឌា ប្តេជ្ញាតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលចប់វិបត្តិកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1269
    កម្ពុជា-ឥណ្ឌា ប្តេជ្ញាតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលចប់វិបត្តិកូវីដ-១៩កម្ពុជា-ឥណ្ឌា ប្តេជ្ញាតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលចប់វិបត្តិកូវីដ-១៩

    លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌា រៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

    ការឱ្យដឹងបែបនេះ បានធ្វើឡើងក្រោយជំនួបពិភាក្សាការងារជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

    លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈ ដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបានតភ្ជាប់ឡើងវិញ។ លោកបានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក៏ស្នើសុំឱ្យឥណ្ឌា បន្តរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា និងចលនាទេសចរបើកបរដោយខ្លួនឯង ដើម្បីក្លាយជាព្រឹត្តិការណ៍រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនាទេសចរតាមផ្លូវគោករវាងឥណ្ឌា និងអាស៊ាន។

    បើតាមការអះអាងរបស់លោកជំទាវ ទេវ្យានី គឺការងារនេះ ក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។ លោកជំទាវ សន្យានឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការបន្តរៀបចំទិវាយោគៈអន្តរជាតិ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។ លោកជំទាវ មានប្រសាសន៍ថា ឥណ្ឌា នឹងជួយកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យទទួលជំនាញក្នុងការស្វាគមន៍ភ្ញៀវទេសចរកាន់តែល្អប្រសើរ៕

    អត្ថបទទាក់ទង