ខ្មែរប៉ុស្ដិ៍ Close

ភ្នំម្រេចកង្កែប កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំតំបន់អារ៉ែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 75
ភ្នំម្រេចកង្កែប កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំតំបន់អារ៉ែង ភ្នំម្រេចកង្កែប កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំតំបន់អារ៉ែង

ភ្នំម្រេចកង្កែបកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំតំបន់អារ៉ែង ដោយសារតំបន់នេះមានព្រៃក្រាស់ៗរាប់ម៉ឺនហិកតា ប្រៀបបាននឹងឋានសួគ៌លើដី។

លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់ឲ្យដឹងថា ភ្នំម្រេចកង្កែប គ្រប់ដណ្ដប់ដោយព្រៃទឹកភ្លៀង និងជីវចម្រុះដ៏កម្រជាច្រើនប្រភេទ ដែលបានធ្វើឱ្យទីតាំងបែបនេះ ក្លាយជាតំបន់រមណីយដ្ឋានបែបធម្មជាតិគ្រប់រដូវកាល ហើយនៅពេលភ្ញៀវទេសចរបានទៅដល់ពយម្រេចកង្កែប គឺពួកគាត់បានបោះតង់ ឬចងអង្រឹងសម្រាកក្រោមដើមឈើដ៏ត្រជាក់ល្ហឹមគ្រប់រដូវកាល។

លោកបន្តថា ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅទីនោះ អាចទំនាក់ទំនងទៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ដោយប្រជាសហគមន៍មានផ្តល់សេវាកម្មទេសចរណ៍ ដូចជា ការរៀបចំម្ហូបអាហារ ការផ្តល់សុវត្ថិភាព និងការនាំផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ។

លោកបន្ថែមថា តំបន់នេះនៅពេលព្រឹកព្រលឹម ទេសភាពបែបធម្មជាតិបានទាក់ទាញចិត្តភ្ញៀវទេសចរឱ្យអស់កង្វល់បន្ទាប់ពីបានឃើញផ្ទាំងពពកជាច្រើន គ្រប់ដណ្ដប់លើភូមិឋាន និងចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង។

« ភ្នំម្រេចកង្កែប មានទីតាំងក្នុងសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង អញ្ចឹងកន្លែងនោះគឺផ្ដោតទៅលើលក្ខណៈបែប Adventure Trip។ ភ្ញៀវទេសចរដែលបានឡើងទៅដល់លើនោះ ត្រូវគេងនៅទីនោះមួយយប់ ឬពីរយប់ ដូច្នេះសក្តានុពលទេសចរណ៍នៅទីនោះ បានធ្វើឱ្យយើងភ្ញាក់ឡើងនៅពេលព្រឹក គឺមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែន ដោយសារនៅលើភ្នំនេះពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ដែលភ្ញៀវទេសចរអាចបោះតង់នៅកន្លែងពយម្រេចកង្កែបនោះ ព្រោះយើងឡើងទៅមិនដល់កំពូលភ្នំទេ នៅត្រឹមចង្កេះភ្នំ ដែលនៅចង្កេះភ្នំនោះគឺមានថ្មមួយដុំ ដែលយើងអាចបោះតង់គេងបាន ដែលហៅថាពយម្រេចកង្កែប»។

សូមបញ្ជាក់ថា ភ្នំម្រេចកង្កែបមានទីតាំងស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយជាង៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់ ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងកាត់ព្រៃដែលសម្បូរទៅដោយដើមឈើធំៗ និងជម្រាលភ្នំ ដែលត្រូវចំណាយពេលប្រមាណជិត២ម៉ោងទើបទៅដល់ទីនោះ៕

អត្ថបទទាក់ទង