ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពុទ្ធបរិស័ទ្ធជាង២០០០នាក់ រួមគ្នាដង្ហែរក្បូន «ពិធីបុណ្យវិសាខបូជា» ជុំវិញក្រុងសួង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 58

ត្បូងឃ្មុំ៖ ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យសំខាន់មួយ ក្នុងចំណោមពិធីបុណ្យសាសនាជាច្រើនទៀត ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស គោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែរួមគ្នាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនាឆ្នាំនេះ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណវត្តវិហារទន្ទឹម ស្ថិតក្នុងក្រុងសួង លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់សួង លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ ទីប្រឹក្សាលោក ហេង សំរិន និងលោក ជា ណារ៉ុន អភិបាលក្រុងសួង រួមទាំងមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលក្រុងសួង ព្រះសង្ឃមកពីវត្តចំនួន៧ ក្នុងក្រុងសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ សរុបប្រមាណជាង២០០០នាក់ បានរួមគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា ដោយបានបួងសួង ដង្ហែរក្បូនជុំវិញក្រុងសួង និងជុំវិញវត្ត និងពិធីជាច្រើនទៀត ពិសេសនាពេលយប់ មានការបាញ់កាំជ្រួច បង្កោះគោមចំនួន១០០គោម ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៍រាបរៀងទៅ ។

ព្រះចៅអធិការវត្តវិហារទន្ទឹម បានមានសង្ឃដីការ ឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ  ធា គ្រុយ បានលើកឡើងថា ពិធីបុណ្យដែលធ្វើឡើងយ៉ាងអធិកអធមនេះ អាចធ្វើឡើងទៅបាន អាស្រ័យទៅលើ កត្តាមួយចំនួន រួមមាន៖

  • កត្តាសន្តិភាពរបស់ប្រទេស មានន័យថាប្រទេសនៅលើសកលោក ពិសេសប្រទេសកម្ពុជា បើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ
  • កត្តាវឌ្ឍនភាពនៃសង្គម មានន័យថាការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យវិសាខបូជា ដ៍អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ហើយចម្លែកជាងគេនោះ ទូទាំងសកលលោក គឺសម័យប៉ុលពត ការកាប់សម្លាប់ប្រល័យពូជសាសន៍ នៅកម្ពុជា រងការខ្ទេចខ្ទាំ បំផ្លិចបំផ្លាញគ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូប ចង់ចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃភ្លេច និងសូមប្រាថ្នា ទោះបីកើតជាតិណាៗ កុំឡើយជួបសម័យកាលនោះ តែសុំប្រាថ្នារស់ក្រោមសម័យសន្តិភាព និងអភិវឌ្ឍន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ  ធា គ្រុយ និងលោក ហាក់ សុខមករា អភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវរួមគ្នាថែរក្សា ទ្រទ្រង់សន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជា៕