ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធម្មការ អំពាវនាវពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបុណ្យមាឃបូជាដោយប្រកាន់ស្មារតីការពារជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ឯកសារ 131
ក្រសួងធម្មការ អំពាវនាវពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបុណ្យមាឃបូជាដោយប្រកាន់ស្មារតីការពារជំងឺកូវីដ-១៩ ក្រសួងធម្មការ អំពាវនាវពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបុណ្យមាឃបូជាដោយប្រកាន់ស្មារតីការពារជំងឺកូវីដ-១៩

ក្រសួងធម្មការ និងសាសនា បានអំពាវនាវថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនា ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែររៀបចំតុបតែង និងចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ឱ្យបានអធិកអធមជាមួយការប្រកាន់ខ្ជាប់នូវស្មារតីបង្ការការចម្លងជំងឺកូវីដ-១៩។ ពិធីបុណ្យមាឃបូជា នៅឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នាថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។

ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះ នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត។

រាជរដ្ឋាភិបាល ក៏បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»៕

អត្ថបទទាក់ទង