លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ថ្ងៃមាឃបូជា ជាពិធីបុណ្យដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺជាថ្ងៃបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ក្រោយពីត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន ៩ខែគត់។
ក្នុងបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង”។
នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ លោកនាយករដ្ឋមន្ត្រីក៏សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ថ្ងៃអង្គារ៍ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ គឺជាថ្ងៃ បុណ្យមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។
បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃ។
បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួ ន៩ខែគត់។ ថ្ងៃមាឃបូជាក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គសម្ដែងនូវឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែង ឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។
បដាផ្សព្វផ្សាយអត្ថន័យនៃពិធីបុណ្យមាឃបូជា ដូចរូបនៃការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំនោះ គឺប្រកបដោយអង្គ៤ ដែលរួមមាន អង្គទី១ គឺពេលនោះជាថ្ងៃឧបោសថសីលមានព្រះចន្ទពេញវង់ ថ្ងៃ ១៥កើតជាថ្ងៃពេញបូណ៌មី ខែមាឃ។ អង្គទី២ ព្រះភិក្ខុសង្ឃសាវ័កដែលបានមកចូលរួមចតុរង្គសន្និបាតទាំង ១២៥០អង្គនោះ គឺបាននិមន្តមកពីទិសទាំង៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ដំណឹងណាត់ទុកជាមួយគ្នាអ្វីមុនទាល់តែសោះ ក៏ស្រាប់តែដល់ថ្ងៃនោះ បាននិមន្តមកព្រមៗគ្នាតែម្ដង។ អង្គទី៣ ព្រះភិក្ខុសង្ឃទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជាព្រះអរហន្ត ឬជាបុគ្គលដែលបានសម្រេចអរហត្ត ប្រាសចាករាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬមានចំណេះដឹងយ៉ាងខ្ពស់ក្នុងលោកុត្តរធម៌នៃព្រះពុទ្ធសាសនា។ ចំណែកអង្គទី៤ គឺព្រះភិក្ខុសង្ឃ ១.២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។
ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុដែលបំបួសឡើងដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺមានស្បង់ចីវរបានប្រាកដឡើងដោយឯកឯង ហើយការកាត់កោរសក់ កោរពុកមាត់ ពុកចង្កា ក៏កើតឡើងដោយឯកឯងដែរ ដោយអំណាចនៃបុណ្យបារមីរបស់ព្រះភិក្ខុសង្ឃទាំងនោះ ដែលបានធ្វើសន្សំទុកមកជាច្រើនជាតិ។
ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកនៅកម្ពុជា ភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្ត អារាមនានា។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិដែរ៕