ខ្មែរប៉ុស្ដិ៍ Close

អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បញ្ជាក់ថា ដំរី​ខា​វ៉ាន់ មិនមែន​សម្រាប់​បង្កាត់​ពូជ​នោះទេ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 79
អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បញ្ជាក់ថា ដំរី​ខា​វ៉ាន់ មិនមែន​សម្រាប់​បង្កាត់​ពូជ​នោះទេ​ អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បញ្ជាក់ថា ដំរី​ខា​វ៉ាន់ មិនមែន​សម្រាប់​បង្កាត់​ពូជ​នោះទេ​

​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS) ដែលជា​អង្គការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ថែរក្សា​ដំរី​ខា​វ៉ាន់ បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា ដំរី​ខា​វ៉ាន់ ដែល​ត្រូវបាន​យកមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា គឺ​មិន​សម្រាប់​ប្រើ​បង្កាត់​ពូជ​ដំរី​នោះទេ​។​

​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម ដែលថា​ដំរី​ខា​វ៉ាន់​នឹងត្រូវ​បាន​ប្រើ​សម្រាប់​បង្កាត់​ពូជ​នោះ អង្គការ CWS បាន​បញ្ជាក់ថា​៖ “​ពិតជា​រឿង​គួរឱ្យ​សោកស្តាយ ជាមួយ​ពាក្យ​ច​ចាម​អារាម និង​ព័ត៌មាន​មិន​ត្រឹមត្រូវ​មួយចំនួន​ទាក់ទង​នឹង​ដំណើរ​ជីវិត​របស់​ខា​វ៉ាន់ ដែល​កំពុង​រស់នៅ​ក្រោម​ការ​មើលថែ​របស់​អង្គការ​យើងខ្ញុំ​។ គេ​ផ្សព្វផ្សាយ​ថា​ខា​វ៉ាន់ នឹងត្រូវ​បាន​ប្រើ​ដើម្បី​បង្កាត់​ពូជ​ដោយ​ចេតនា​ជាមួយ​ដំរី​ដទៃទៀត​។ វា​មិន​ពិត​នោះទេ ព្រោះថា​នោះ​មិនមែនជា​គោលការណ៍​រប​ស់​អង្គការ​យើងខ្ញុំ​ទេ​។ ពួកយើង​មិន​ចាប់អារម្មណ៍​ក្នុងការ​បង្កាត់​ពូជ​សត្វ​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​ដើម្បី​ជួយសង្គ្រោះ​ពួកគេ​ឱ្យ​រួច​ផុតពី​ទុក្ខវេទនា និង​ផ្តល់​ផ្ទះ សម្រាប់​ពួកគេ ដើម្បី​រីករាយ​នឹង​ការ​រស់នៅក្នុង​ធម្មជាតិ​ដោយ​គ្មាន​ការភ័យខ្លាច និង​គ្រោះថ្នាក់​។ សម្រាប់​ដំរី​ខា​វ៉ាន់ យើង​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុងការ​ជួយសង្គ្រោះ​វា និង​អាច​ផ្តល់នូវ​ផ្ទះ​ពិត​មួយ​សម្រាប់​វា ព្រោះថា ខា​វ៉ាន់​បាន​ឆ្លងកាត់​សោកនាដកម្ម និង​ទុក្ខសោក​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ជីវិត​របស់​វា​។ យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​នាំមក​នូវ​ភាព​រីករាយ​មកឱ្យ​ខា​វ៉ាន់​វិញ​”​។

​អង្គការ CWS បានបញ្ជាក់​ពី​គោលបំណង​សំខាន់​របស់ខ្លួន គឺ​ដើម្បី​អភិរក្ស​សត្វព្រៃ ការពារ​ជំរក​សត្វព្រៃ និង​ធនធានធម្មជាតិ ហើយ​រីករាយ​នឹង​ការសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ក្នុងការ​ធ្វើឱ្យមាន​ភាពល្អ​ប្រសើរ ក្នុងការ​ថែរក្សា​កត្តា​ទាំងនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយឡែក​អង្គការ​ក៏បាន​គាំទ្រ​សហគមន៍​មូលដ្ឋាន តាមរយៈ​វិធីសាស្ត្រ និង​គម្រោង​ជាច្រើន ដូចជា​ការសាងសង់​សា​លា​រៀន​សម្រាប់​កុមារ​ក្នុង​តំបន់ និង​មន្ទីរពេទ្យ​សម្រាប់​សហគមន៍​។

​អង្គកា រ​CWS ក៏បាន​បញ្ជាក់​ផងដែរ​ថា អង្គការ​ខ្លួន​មិន​ទទួលបាន​មូលនិធិ​ណាមួយ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ណាមួយ​ឡើយ ដោយ​អង្គ​ការទទួល​ការគាំទ្រ​ស្ទើរតែ​ទាំងស្រុង​ពី​មូលនិធិ​សង្គ្រោះ​សត្វ​ដំរី​នៃ​ប្រទេស​ថៃ​ប៉ុណ្ណោះ ហើយ​ការងារ​របស់​អង្គការ​គឺ​ធ្វើតាម​ច្បាប់​ផ្ទាល់ខ្លួន ដោយ​មិនមាន​ក្រុម​ខាងក្រៅ​ណា អាច​កេងចំណេញ ពី​សត្វព្រៃ​ក្រោម​ការទទួលខុសត្រូវរ​បស់ CWS បានឡើយ​។ ប៉ុន្តែ​ខា​វ៉ាន់ ត្រូវ​ប្រើ​ពេលវេលា​យូរ​បន្ថែមទៀត ដើម្បីឱ្យ​វារឹងមាំ​ឡើងវិញ ហើយ​អង្គការ CWS ជឿជាក់ថា ខា​វ៉ាន់​នឹង​លែង​ត្រូវបាន​កេងប្រវ័ញ្ច​ដោយ​នរណាម្នាក់​តាមរបៀប​ណាក៏ដោយ ខា​វ៉ាន់​នឹងមាន​សុវត្ថិភាព និង​មាន​សេរីភាព នៅ​កន្លែង​ដែល​វា​កំពុង​រស់នៅ​ពេលនេះ​។​

​គួររម្លឹកថា ខា​វ៉ាន់​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ជា​ដំរី​ឯកោ​បំផុត​នៅក្នុង​ពិភពលោក ហើយ​ដែល​ត្រូវបាន​ជួយសង្គ្រោះ និង​យកមក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​ការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​។ ការរស់នៅ​បន្សាំ​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​គឺ​រហូតដល់​ពេលដែល​ខា​វ៉ាន់​អាច​សម្រប​ខ្លួន​នឹង​បរិស្ថាន​ជុំវិញ​សិន ហើយនឹង​ត្រូវបាន​ព្រលែង​ឱ្យ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ៤ ៣៥០​ហិកតា​។

​គួរបញ្ជាក់​ផងដែរ​ថា មាន​ដំរី​ញី​ចំនួន ០៣​ក្បាល ដែលមាន​ឈ្មោះថា Dipoh Arun Reah និង Sarai Mia ត្រូវបាន​ដាក់ឱ្យ​រស់នៅ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ខា​វ៉ាន់ ព្រោះថា​ដំរី​ចូលចិត្ត​រស់នៅ​ជា​ហ្វូង ប៉ុន្តែ​មិនមែន​សម្រាប់​បង្កាត់​ពូជ​ដំរី​នោះទេ​។​

​តាម​ការប៉ាន់ស្មាន​ដ៏​ជាក់លាក់ ដំរី​អាស៊ី នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចន្លោះ​ពី ៤០០ ទៅ ៦០០​ក្បាល ដែល​កំពុងមាន​វត្តមាន​នៅ​តំបន់​អភិរក្ស​នានា ជាពិសេស​គឺ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​នៅ​ភាគ​ឦសាន (​ខេត្តមណ្ឌលគិរី និង​រតនគិរី​)៕