ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញតំណាងក្រសួងសេដ្ឋកិច្ច មកបំភ្លឺលើអត្ថបទច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកបំភ្លឺលើអត្ថបទច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ការឆ្លើយបំភ្លឺនេះ បានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារស វិមានរដ្ឋចំការមន ដែលប្រតិភូក្រសួងសេដ្ឋកិច្ច ដឹកនាំដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការីមួយចំនួនទៀត។
លោកបញ្ជាក់ថា ការឆ្លើយបំភ្លឺនេះ ធ្វើឡើងចំពោះមុខ លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាសមាជិករាយការណ៍ លោក អ៊ុត ឈន និង លោក កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
ការអញ្ជើញ តំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកបំភ្លឺនេះ គឺធ្វើឡើងស្របតាមមាត្រា ២១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ៕