ស្វាមួយចំនួន នៅប្រាសាទបាយ័ននឹងចាប់យកទៅព្រលែងនៅក្នុងព្រៃធម្មជាតិ ក្រៅឧទ្យានអង្គរ !
(សៀមរាប)៖ មន្ដ្រីអាជ្ញាធរជាតិអប្សរា បានអោយដឹងថា សត្វស្វាកាចមួយចំនួនត្រូវចាប់យកទៅលែងក្នុងព្រៃធម្មជាតិក្រៅឧទ្យានអង្គរ ដោយសារស្វានោះ បានធ្វើអោយប៉ះពាល់ដល់ប្រាង្គប្រាសាទ និងប៉ះពាល់ដល់មនុស្ស ហើយប្រឈមនឹងហានីភ័យផ្សេង ។
អ្នកស្រី ហួរ រឹទ្ធា ជាអនុប្រធានភ្នាក់ងារទេសចរណ៍នៅតំបន់ប្រាសាទបាយ័ន បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៨ ខែធ្នូនេះថា តាមគម្រោងការងារនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅប្រាសាទបាយ័ន ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការចាប់យកសត្វស្វាកាចៗទាំងនោះ ដូចជាស្វាក្រេះ ស្វាក្ដាម ដែលអ្នកស្រីថា ហ្វូងសត្វស្វាកាចៗនេះមានភាពសាំទៅនឹងមនុស្ស ប៉ុន្ដែវាបានបង្កហាន័ភ័យដល់ប្រាង្គប្រាសាទ ដូចជារុញថ្មធ្លាក់ទៅដី ចាប់ទាញស្លាកសញ្ញាព័ត៌មានផ្សេងៗ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ផងដែរ។ ស្វាទាំងនោះ បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម ខណៈដែលសត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទ តាមរយៈការផ្តល់នំចំណីដោយមនុស្ស ។
លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាលសត្វ នៃរដ្ឋបាលព្រៃឈើ ប្រចាំការនៅឧទ្យានសួនសត្វភ្នំតាម៉ៅខេត្ដតាកែវ មានប្រសាសន៍ថា ស្វាដែលបានយកចេញពីតំបន់អង្គរ ត្រូវទៅធ្វើចត្តាឡីស័កនៅតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅយ៉ាងតិចមួយខែ ដើម្បីអោយវាមានភាពស៊ាំ មុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀត ដែលទីនោះមានអ្នកការពារត្រឹមត្រូវ។ លោកថា ការធ្វើចត្ដាឡីស័កបែបនេះ ដើម្បីបង្កាការពារជំងឺព្រោះសត្វស្វាមានផ្ទុកមេរោគជំងឺឆ្លងដូចជាប្រភេទជំងឺរបេង និងជំងឺផ្សេងទៀត។ មន្ដ្រីជំនាញរូបនោះ បានអះអាងថា សត្វស្វាការដែលបានយកចេញពីប្រាសាទបាយ័ននេះ រយ:ពេល៣ដងហើយ ដោយមានសត្វស្វាជាង៤០ក្បាបានយកទៅដាក់ក្នុងព្រៃសួនសត្វភ្នំតាម៉ៅ។
លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ដោយដឹងថា ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត អាជ្ញាធរជាតិអប្សរា បានសម្រេច ស្នើអោយមន្ដ្រីជំនាញសត្វយកទៅទុកនៅសួនសត្វភ្នំតាម៉ៅ។ លោកថា មន្ត្រីជំនាញក្នុងការធានាការចាប់សត្វស្វាចេញពីតំបន់អង្គរ ដោយមានសុវត្ថិភាពខ្ពស់ ហើយប្រាសាទក៏ធានាពីការយាយីពីសត្វស្វាដែរ ព្រោះសត្វស្វាបានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជារុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង ទើបចាប់យកទៅដាក់កន្លែងផ្សេង ៕