ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 30
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ជាមួយឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ភាគីទាំងពីរបានកត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូសបញ្ជាក់តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ នាពេលកន្លងមក។
ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលកំពុងខិតខំរក្សាលំហូរពាណិជ្ជកម្មនៃទំនិញឆ្លងកាត់ព្រំដែន និងការវិនិយោគ។

សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងអាស៊ាន និងអង្គការសហប្រជាជាតិ។ ភាគីវៀតណាមបានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលភាគីកម្ពុជាបានផ្ដល់ដល់ប្រទេសវៀតណាម ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០ និងបានសន្យាផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំឱ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន
ឆ្នាំ២០២២។

ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់តំបន់ និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសដែលបានគ្រោងទុក និងបទល្មើសអ៉ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ការផ្លាស់ប្តូរព័ត៌មាននៅគ្រប់វិស័យ។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងធនធានមនុស្ស លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីវៀតណាម ដែលបានសម្របសម្រួលឱ្យនិស្សិតកម្ពុជា អាចចូលទៅប្រទេសវៀតណាមឡើងវិញបាន ដើម្បីបន្តការសិក្សារបស់ពួកគេ។ ភាគីទាំងពីរ បានឯកភាពបន្តផ្តល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២០ និង២០២១។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រប់គ្រងសកម្មភាពកេងប្រវ័ញ្ចខុសច្បាប់នានា ការដឹកជញ្ជូននិងការជួញដូរឈើហ៊ុប និងសត្វព្រៃខុសច្បាប់ឆ្លងដែន។ ភាគីទាំងពីរ ក៏បានឯកភាពធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យសត្វ និងរុក្ខជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផលសាច់គោ សាច់ជ្រូក និងប្រព័ន្ធ ធារាសាស្ត្រ។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីអនុវត្តឱ្យបានជោគជ័យនូវគម្រោងនានាផ្នែកបរិស្ថាន ធនធានទឹក និងឧតុនិយម។ ភាគីទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ក៏ដូចជាការជំរុញការការពារ និងអភិរក្សបរិស្ថាន សកម្មភាពពាក់ព័ន្ធអាកាសធាតុ កំណើនបៃតង និងការគ្រប់គ្រងដីធ្លី។

សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំងពីរបានឯកភាពក្នុងការស្វែងរក កាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យថាមពល និងការសិក្សាស្រាវជ្រាវរួម ស្តីពីការអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ។
ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មទ្វេភាគី ដោយទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ ៥ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ២០២០ និងបានអះអាងថា នឹងជួយសម្រួលដល់សកម្មភាពនាំចូល និងនាំចេញរវាងប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ ភាគីទាំងពីរបានឯកភាពចាត់វិធានការសមស្របទាក់ទងនឹងការសម្រួលផ្នែកវិនិយោគ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងវិស័យសេដ្ឋកិច្ច។

សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការថែទាំសុខភាព ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កផ្នែកសុខភាពនៅតាមព្រំដែន» ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ២០០៦ នៅរាជធានីភ្នំពេញ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្ទុះឡើងនៃមេរោគដទៃទៀត នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំងពីរ រួមមាន ការផ្ដល់អាហារូបករណ៍ ការរៀបចំវគ្គបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា សិក្ខាសាលា ឬសន្និសីទស្ដីពីការថែទាំសុខភាព។

ចំពោះបញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង

ដោយអនុលោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន ១៦% ទៀត ដែលពុំទាន់បានខណ្ឌសីមានៅឡើយ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការផ្សេងៗទៀត នៅក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រាសមីក្រូ ធុនតូចនិងមធ្យម ពន្ធគយ ការដឹកជញ្ជូន អាកាសចរណ៍ស៉ីវិល ទូរគមនាគមន៍ ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍(ICTs) ហិរញ្ញវត្ថុ និងធនាគារ វប្បធម៌ កីឡា ទេសចរណ៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្ហាច្បាប់ និងយុត្តិធម៌។ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការអនុវត្តគម្រោង និងសកម្មភាពដែលមិនទាន់សម្រេចបានផ្សេងទៀត ខណៈពេលកំពុងរិះរកមធ្យោបាយ និងវិធីសាស្រ្តជាក់លាក់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លោក ប្រាក់ សុខុន និងលោក ផាម ប៊ិញមិញ បានធ្វើការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម និងធ្វើការផ្លាស់ប្តូរលិខិតូបករណ៍នៃការផ្ដល់សច្ចាប័ន
លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទទាក់ទង