ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប រៀបចំឱ្យពលរដ្ឋរស់នៅតាមចំណីស្ទឹងសៀមរាប ដែលត្រូវរុះរើ ចាប់ឆ្នោតយកទីតាំងដីឡូតិ៍ បានចំនួន ៤០៥គ្រួសារហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46

រដ្ឋបាលខេត្តសៀមរាប បានរៀបចំឱ្យប្រជាពលរដ្ឋ ៤០៥គ្រួសារ ដែលរស់នៅ និងអាស្រ័យផល តាមចំណីនៃដងស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គររុះរើ និងចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

ការរៀបចំនេះធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សង្កាត់ស្លក្រាម សង្កាត់នគរធំ ភូមិឃុំ ពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធ។

ជាលទ្ធផល រួមមាន៖

  1. បានរៀបចំប្រជាពលរដ្ឋដែលមកចូលរួមចាប់ឆ្នោត ដោយភ្ជាប់ជាមួយសន្លឹកឆ្នោត ដែលសម្គាល់ឡូតិ៍ ទីតាំងដីថ្មីច្បាស់លាស់ បានផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយបញ្ជីឈ្មោះ និងមានការផ្តិតមេដៃ ប្រជាពលរដ្ឋឯកភាពទទួលយក ទីតាំងដីឡូតិ៍ថ្មីនៅលើបញ្ជីឈ្មោះ។
  2. បានណែនាំប្រជាពលរដ្ឋ ទៅពិនិត្យផែនទី នៃទីតាំងដីឡូតិ៍ ដែលបានបិទបង្ហាញនៅក្នុងបរិវេណសាលាខេត្ត ចំនួន ២ផ្ទាំង។
  3. ប្រជាពលរដ្ឋ បានចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍ មានចំនួន ៤០៥គ្រួសារ ស្មើនឹង ៩៤,១៨% នៃចំនួនសរុប ៤៣០គ្រួសារ ។
  4. ដោយឡែក ប្រជាពលរដ្ឋ ពុំបានមកចូលរួមចាប់ឆ្នោត មានចំនួន ២៥គ្រួសារ ស្មើនឹង ៥,៨២ %។

ស្ថានភាពទូទៅក្នុងដំណើរការនៃការចាប់ឆ្នោត បានប្រព្រឹត្តទៅដោយរលូនមានសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ហើយក្រុមការងារ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងចុះទៅទីតាំងដីថ្មី នៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធការបោះបង្គោលព្រំ, ការដាក់លេខឡូតិ៍, ការរៀបចំប្រព័ន្ធភ្លើង, ជីកអណ្តូងទឹក និងបង្គន់អនាម័យ។ ក្រុមការងារ នឹងសម្របសម្រួលជូនប្រជាពលរដ្ឋទៅពិនិត្យទីតាំងដីថ្មី និងជួយសម្របសម្រួល ការរៀបចំទីលំនៅដ្ឋានថ្មី ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានេះក្រុមការងារនឹងចុះជួបប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីណែនាំឱ្យពួកគាត់បំពេញឯកសារ ទទួលយកការដោះស្រាយទៅទីតាំងថ្មីនោះ។

សូមបញ្ជាក់ផងដែរ ពិធីនេះក៏បានធ្វើតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យអ្នកចូលរួមពាក់ម៉ាសការពារ លាងដៃជាមួយអាល់កុល វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព៕

អត្ថបទទាក់ទង