ខ្មែរប៉ុស្ដិ៍ Close

ព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
ព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង ព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ជាដើម។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ លោកនាយករដ្ឋមន្ត្រី ក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុប ៣៦២នាក់ (ស្រី ៨៦នាក់ និងបុរស ២៧៦នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុប​ទូទាំងប្រទេស មានចំនួន ៣១២នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់។

ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» វិញ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤១នាក់ (ស្រី១៩នាក់ និងប្រុស ២២នាក់)។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែធ្នូ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកនាយករដ្ឋមន្ត្រី គ្រោងទិញជំហ៊ានដំបូងប្រមាណ ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

បន្ទាប់ពីការបង្ហាញផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះដែរ មានចលនាមហាជនគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងផុលផុស។ មហាជនមិនត្រឹមតែគាំទ្រផ្នែកទស្សនៈ និងគំនិតប៉ុណ្ណោះទេ តែក៏បានចូលរួមបរិច្ចាគថវិកាជាមួយលោកនាយករដ្ឋមន្ត្រី ផងដែរ។

ព្រះសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករ អាជីវករ កម្មករ សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានផ្តល់យោបល់ជូនគណៈកម្មការអន្តរក្រសួងថា ជនអាទិភាពទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូងគេរួមមាន៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ក៏ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចង្អុលបង្ហាញជនជាមុខព្រួញដែលគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងដំណាក់កាលទីពីរផងដែរ។ ជនដែលគួរទទួលបានវ៉ាក់សាំងនៅដំណាក់កាលទីពីរ មានដូចជានិស្សិតរៀនតាមមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន អ្នករៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មករសំណង់ជាដើម៕

អត្ថបទទាក់ទង