បទយកការណ៍៖ ទឹកធ្លាក់លែងអង និងលែងឃិន ជាទីកន្លែងដែលអ្នកទេសចរអាចភ្លក់រសជាតិម្ហូបជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី

នៅពេលអ្នកទេសចរទៅលេងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាន អ្នកទេសចរតែងស្រមៃចង់ភ្លក់រសជាតិម្ហូបជនជាតិភាគតិចដែលចម្អិនក្នុងបំពង់ឫស្សី ជាពិសេសសម្លព្រោងរបស់ជនជាតិព្នង។ ម្ហូបទាំងនេះ ទោះបីទៅដល់ខេត្តមណ្ឌលគិរីក៏ដោយ អាចពិបាករកបន្តិច បើមិនស្គាល់កន្លែងទេសចរណ៍ណាមួយដែលបម្រើសេវាកម្មម្ហូបអាហារជនជាតិដើមទេនោះ។ បច្ចុប្បន្ន អ្នកទេសចរអាចកុម្ម៉ងម្ហូបនេះបាននៅទឹកជ្រោះលែងអង និងលែងឃិន ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សម្រាប់ទីកន្លែងនោះហើយដែលភ្ញៀវទេសចរមិនត្រឹមតែអាចរំសាយអារម្មណ៍ បំបាត់កង្វល់នឹងសម្រស់ធម្មជាតិ ទឹកជ្រោះ ព្រៃព្រឹក្សា លតាវល្លិ៍ ប៉ុណ្ណោះទេ គេអាចនឹងស្គាល់រសជាតិម្ហូបមិនធ្លាប់ជួបរបស់ជនជាតិព្នងដ៏មានឱជារសឈ្ងុយឆ្ងាញ់ថែមទៀតផង។
ពេលធ្វើដំណើរពីភ្នំពេញទៅហួសសាលាស្រុកអូររាំង ប្រមាណ១០០ម៉ែត្រ នៅខាងឆ្វេងដៃមានផ្លូវលំដីក្រហមមួយចម្ងាយប្រមាណជិត៥គីឡូម៉ែត្រ ឆ្ពោះទៅទឹកធ្លាក់លែងអង និង លែងឃិន។ មុនទៅដល់ទឹកធ្លាក់លែងអង និងលែងឃិន អ្នកទេសចរប្រាកដជាឃើញទេស ភាពព្រៃភ្នំធំល្វឹងល្វើយ អមសងខាងផ្លូវដីពណ៌ក្រហមលើខ្នងភ្នំ និងជម្រាលភ្នំ ដែលទាក់ទាញធ្វើឱ្យភ្ញៀវទេសចរ អាចឈប់រថយន្ត ឬម៉ូតូចុះផ្តិតយករូបភាពវាលស្មៅពណ៌បៃតងខ្ចី ព្រម ទាំង រំលេចពណ៌ ខៀវស្រងាត់នៃព្រៃព្រឹក្សាមើលពីចម្ងាយ។
ដោយធ្វើដំណើរឆ្លងវាលកាត់ភ្នំ កាត់ព្រៃ កាត់ទីខ្ពស់ ទីទាប និងទំនាប មិនយូរប៉ុន្មានគេនឹងទៅដល់តំបន់ទឹកធ្លាក់ លែងអង និងលែងឃិន មានជនជាតិភាគតិចព្នងរំលេចដោយសម្លៀកបំពាក់បែបប្រពៃណីជនជាតិភាគតិចចេញមកស្វាគមន៍ មើលទៅស្រស់ស្អាតប្លែកភ្នែក ដូច បទចម្រៀងថា បុប្ផាព្រៃភ្នំ ស្រស់បំព្រងពិតប្រាកដមែន។
ទឹកមុខប៉ប្រិមញញឹមពព្រាយលាយដោយទឹកដបសំនៀងជនជាតិភាគតិច លោក តែប ខ្វើត ប្រធានសហគមន៍ភូមិពូហ្យាម និងមានតួនាទីមើលខុសត្រូវសហគមន៍ទឹកធ្លាក់លែងអងនិងលែងឃិនផងបានឱ្យដឹងថា លោករីករាយណាស់នៅពេលឃើញភ្ញៀវទេសចរមកលេងសហគមន៍របស់លោកច្រើន។ លោកថា ភ្ញៀវមកសហគមន៍នេះត្រូវទិញសំបុត្រចូលទស្សនាដោយភ្ញៀវខ្មែរម្នាក់១ពាន់រៀល ចំណែកឯភ្ញៀវបរទេសម្នាក់៥ពាន់រៀល ហើយបើចង់ភ្លក់ម្ហូបជនជាតិភាគតិចទៀតទាល់តែកាម្ម៉ង់ទុកមុនទើបអាចបានហូប។
ប្រធានសហគមន៍រូបនោះបានបញ្ជាក់ថា «ភ្ញៀវអាចកាម្ម៉ង់មុនទើបអាចរៀបចំម្ហូបឱ្យបាន ព្រោះម្ហូបនេះមិនអាចធ្វើទុកផ្តេសផ្តាសបានទេ ព្រោះបើធ្វើទុកមុនពេលអត់ភ្ញៀវមកនាំឱ្យខាត ខណៈសហគមន៍រកចំណូលបានកម្រិតទាបនៅឡើយ»។
ក្នុងសម្លៀកបំពាក់ប្រពៃណីជនជាតិភាគតិចព្នងលោកស្រី ស្រឿន សែន សមាជិកសហគមន៍បានឱ្យដឹងថា ពេលមានបុណ្យទានភ្ញៀវមកច្រើន តែថ្ងៃធម្មតាអាចមានពីរទៅបីក្រុមដោយមួយក្រុមៗមានគ្នាដប់ទៅម្ភៃនាក់ មកមើលទឹកធ្លាក់ ទស្សនាដើមឈើធំៗ ស្តាប់សំនៀងរៃយំ លាន់ទ្រហឹងអ៊ឺងកងរំពងពេញព្រៃ។ លោកស្រីបានឱ្យដឹងបន្ថែមថា នៅទីនេះមានសម្ល ជនជាតិពិសេសៗដូចជាសម្លព្រោង ចម្អិនក្នុងបំពង់ឫស្សី បុកខ្ទឹមដាក់បំពង់ឫស្សី និងស្លបុកដាក់ឆ្នាំង។ សម្លព្រោងមានគ្រឿងផ្សំពីបន្លែព្រៃដូចត្រួយផ្តៅ និងបន្លែស្រុកមានត្រប់ស្រួយ ល្ពៅ សណ្តែកកួរជាដើម បូកនឹងសាច់ជ្រូកព្រៃ ប៉ុន្ដែបច្ចុប្បន្នប្រើសាច់គោជំនួសវិញដើម្បីចូលរួមអភិរក្សសត្វព្រៃ។
ចំពោះតម្លៃវិញ សម្លមួយបំពង់តូចបូកនឹងបាយមួយកញ្ចប់ពីរម៉ឺនរៀល សម្លបំពង់ធំបូកនឹងបាយមួយកញ្ចប់បួនម៉ឺនរៀល។ ចំពោះអ្នកបានភ្លក់រសជាតិសម្លជនជាតិហើយនិយាយថា តម្លៃនិងរសជាតិអាចទទួលយកបាន ព្រោះគ្រឿងផ្សំទម្រាំធ្វើបានមិនងាយប៉ុន្មានទេ ត្រូវចូលព្រៃស្វែងរកឆ្ងាយទម្រាំនឹងបាន។
លោក យ៉ង សុភា អ្នកសារព័ត៌មានប្រចាំទូរទស្សន៍CNCដែលបានភ្លក់រសជាតិសម្ល ព្រោង និងបុកខ្ទីមហើយបានបង្ហាញចំណាប់អារម្មណ៍ថា ស្គាល់រសជាតិម្ហូបនឹងធ្វើឱ្យលោកចងចាំនឹកដល់ជនជាតិភាគតិច។ លោកសង្ឃឹមថា នឹងបានហូបសម្លរបស់ជនជាតិភាគតិចនៅថ្ងៃណាមួយម្តងទៀត។ «ខ្ញុំពិតជាអាចញ៉ាំម្ហូបបែបនេះបាន យូរៗញ៉ាំម្តងឆ្ងាញ់ហើយចងចាំជានិច្ចដល់បងប្អូនជនជាតិភាគតិចនៅទីនេះ»។ លោក យ៉ង សុភា បានបញ្ជាក់បន្ថែម។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរ អាចទៅដល់មានចំនួន ៣៦ កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគ តិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់។ល៕