ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

អ្នកទាំង២នាក់ដែលរកឃើញឆ្លងកូវីដ-១៩នេះ រួមមានបុរសឈ្មោះ អ៉ី តារា អាយុ២១ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង២នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។

ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងដែលពេលនោះ សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត)។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕

អត្ថបទទាក់ទង