ខ្មែរប៉ុស្ដិ៍ Close

កសិករខេត្តត្បូងឃ្មុំចាប់ផ្តើមដាំដុះពោតក្រហមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 23
កសិករខេត្តត្បូងឃ្មុំចាប់ផ្តើមដាំដុះពោតក្រហមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កសិករខេត្តត្បូងឃ្មុំចាប់ផ្តើមដាំដុះពោតក្រហមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក

ត្បូងឃ្មុំ ៖ កសិករខេត្តត្បូងឃ្មុំចាប់ផ្តើមដាំដុះពោតក្រហម ឬពោតចំណីសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដោយសារប្រភេទពូជពោតនេះ ផ្តល់ទិន្នផលនិងគុណភាពខ្ពស់ ហើយងាយស្រួលដាំ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ប្រជាកសិករដែលនៅតាមតំបន់ដីទំនាបលិចទឹក នៃទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ រួមមាន នៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ បានដាំដុះពោតក្រហមរដូវប្រាំង លើផ្ទៃដីប្រមាណជាង៦ពាន់ហិកតា ដែលប្រើប្រាស់ពូជប្រមាណ១០ប្រភេទសម្រាប់ការដាំដុះនេះ ។

លោកបន្តថា តាមរយៈការផ្សព្វផ្សាយបច្ចេកទេសដាំដុះ ពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងអ្នកបច្ចេកទេសរបស់បណ្តាក្រុមហ៊ុនលក់ពូជពោត បានជំរុញឱ្យប្រជាកសិករយើង ផ្លាស់ប្តូរទម្លាប់ចាស់មួយចំនួន ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោ បាចសាចដែលប្រើប្រាស់ទឹកតិច មកជាការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យបរិមាណផលពោតមានការកើនឡើង ។ លោកប្រធានបានណែនាំដល់ប្រជាពលរដ្ឋ ដែលដាំដុះដំណាំពោត ត្រូវឧស្សាហ៍ចុះមើលថែទាំកុំឱ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវឬកត្តាចង្រៃផ្សេងៗ មកបំផ្លាញឈានទៅរកការខូចខាត ។

« សូមឱ្យបងប្អូនប្រជាកសិករយើងនឹងក្រោយពីដាំហើយសូមកុំទុកចោលត្រូវឧស្សាហ៍ទៅមើលក្រែងមានសត្វល្អិតឬស្មៅដុះនៅក្នុងតំបន់ដីដាំពោត នេះក៏ជាចំណុចមួយដែលមានបញ្ហាប្រឈមដោយសារដីអត់លិចទឹកទេឆ្នាំនេះចឹងអាចនៅសល់ពពួកសត្វចង្រៃ កណ្តុរអីច្រើនណាស់ ចឹងលុះត្រាតែកសិករយើងឧស្សាហ៍ចុះមើល ហើយនឹងចាត់វិធានការការពារជាមុនកុំឱ្យកើតហើយទើបរកថ្នាំមកព្យាបាលគឺពិបាកណាស់» ។

សូមបញ្ជាក់ថា ផលិតកម្មដំណាំពោតក្នុងខេត្តត្បូងឃ្មុំកន្លងទៅ កសិករតែងជួបបញ្ហាសត្វចង្រៃមួយចំនួន ដូចជាដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm) ផ្សិតដូន្នីមីលឌូ (Downy Mildew) ដែលទាមទារឱ្យប្រជាកសិករឧស្សាហ៍ព្យាយាមចុះពិនិត្យចម្ការ ថែទាំ រៀបចំប្រព័ន្ធសុវត្ថិភាព ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ជាពិសេសអាចទាក់ទងពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញរបស់មន្ទីរកសិកម្មខេត្ត៕

អត្ថបទទាក់ទង