លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋអាចធ្វើដំណើរ តាមផ្លូវក្រោមដីត្រង់ចំណុច រង្វង់មូលចោមចៅជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ឲ្យ ប្រើប្រាស់ជាបណ្តោះអាសន្ននូវ ផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ ដែលមានប្រវែង ៤៨៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី ហើយប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ចាប់ថ្លែនេះតទៅ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា តបតាមការស្នើសុំពី អភិបាលរាជធានីភ្នំពេញ លោក ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ម៉ែត្រ ឱ្យប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្នចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ លោក ក៏សុំឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវា ពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព»។ លោក ក៏បានបង្ហាញនូវ ក្តីមោទនភាពចំពោះភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមាន មនុស្សរស់នៅច្រើននោះទេ តែពេលនេះ មានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។ លោក បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះ ផ្ទៃដី ទីក្រុងភ្នំពេញគឺ មានចំនួន ៣០០គីឡូម៉ែត្រការ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉េ៕