ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនផ្តល់ឥណទានសម្បទានដល់កម្ពុជា ជាង ២០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយសារកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
ជប៉ុនផ្តល់ឥណទានសម្បទានដល់កម្ពុជា ជាង ២០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយសារកូវីដ-១៩ ជប៉ុនផ្តល់ឥណទានសម្បទានដល់កម្ពុជា ជាង ២០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយសារកូវីដ-១៩

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ឥណទានដល់រាជរដ្ឋាភិបាលកម្ពុជា ជាង២០០លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ពីការរងប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ការផ្តល់ឥណទាននេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាមួយ លោក ម៉ូតេហ្គី តូស៉ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០។

ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការផ្តល់ឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថែមទាំងបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក ម៉ូតេហ្គី តូស៊ីមីសឺ ដែលត្រូវបានតែងតាំងសាជាថ្មី ជារដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ លោក ម៉ូតេហ្គី បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា កាលខែសីហា ឆ្នាំ២០២០ កន្លងទៅ។

លោក ម៉ូតេហ្គី បានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ទន្ទឹមនេះ លោក ម៉ូតេហ្គី បានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លោកថ្លែងថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក ម៉ូតេហ្គី ដែលបានសម្តែងការចូលរួមរំលែកទុក្ខ និងស្ម័គ្រចិត្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ បន្ទាប់ពីទស្សនកិច្ចផ្លូវការ របស់លោក ម៉ូតេហ្គី, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកត់សម្គាល់ដោយរីករាយ ដែលប្រទេសទាំងពីរកំពុងអនុវត្ត «ច្រកសម្រាប់ការស្នាក់នៅ» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី ១៤ថ្ងៃ និងសង្ឃឹមថា «ច្រកសម្រាប់ធុរកិច្ច» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម ១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ម៉ូតេហ្គី បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីក នៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណជប៉ុន ចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ក្រសួងការបរទេស បានបន្ថែមថា ក្នុងឱកាសជំនួបតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៉ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់ អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕