ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និងមូលនិធិករុណាខ្មែរ រួមទាំងមូលនិធិសម្រាប់ការសិក្សា ចុះចែកសម្ភារៈសិក្សាដល់សិស្សវិទ្យាល័យឈើទាលជ្រុំ
តាកែវ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាទី ខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់មូលនិធិករុណាខ្មែរ រួមទាំងមូលនិធិសម្រាប់ការសិក្សា ចែកជូនសិស្សានុសិស្ស នៅវិទ្យាល័យឈើទាលជ្រុំ ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
អំណោយដែលចែកជូនដល់សិស្សានុសិស្ស និងប្រគល់ជូនដល់វិទ្យាល័យឈើទាលជ្រុំរួមមាន៖
- ជូនវិទ្យាល័យឈើទាលជ្រុំ នូវកុំព្យូទ័រចំនួន០៤គ្រឿង
- ចែកជូនសិស្សក្រីក្រ មានដូចជា កង់ សៀវភៅ ប៊ិច កាតាប
- ឧបត្ថម្ភថវិកាចំនួន២០ដុល្លារ ប្រចាំខែ ដល់សិស្សក្រីក្រចំនួន០៦នាក់ រហូតរៀនចប់វិទ្យាល័យ ដែលជាជំនួយឧបត្ថម្ភរបស់មូលនិធិករុណាខ្មែរ និងមូលនិធិសម្រាប់ការសិក្សា។
ក្នុងឱកាសនោះ លោក ស្វាយ សុវណ្ណរិទ្ធ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ជាក់ស្តែង ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា តែងតែចុះជួបប្រជាពលរដ្ឋដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសាខាបក្សគ្រប់ថ្នាក់ ដើម្បីរិះរកមធ្យោបាយ និងធនធានជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សផងដែរ។ លោកបន្តថាកន្លងមកសម្រាប់ឃុំកុមាររាជា ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានជួយក្នុងការកសាងសាលារៀន មណ្ឌលសុខភាព ព្រះវិហារ ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹក ការងារសង្គមកិច្ច និងការស្វែងរកអាហារូបករណ៍ នៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ជូនដល់យុវជនក្រីក្រដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិជារៀងរាល់ឆ្នាំ។
ជាចុងក្រោយលោក ស្វាយ សុវណ្ណរិទ្ធ បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ឱ្យខិតខំតស៊ូររៀនសូត្ររហូតទទួលបានជោគជ័យក្នុងការសិក្សា និងជោគជ័យក្នុងជីវិតរបស់ខ្លួនផងដែរ៕