លោក ស្វាយ សុវណ្ណរិទ្ធ និងក្រុមការងារ នាំយកក្រម៉ា និងសាប៊ូ ចែកជូនប្រជាពលរដ្ឋក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដើម្បីចូលរួមប្រឆាំងមេរោគកូវីដ-១៩

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ស្វាយ សុវណ្ណរិទ្ធិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និងលោក លោកស្រី អនុប្រធាន និងតំណាងក្រុមការងារក្នុងឃុំ បាននាំយកក្រម៉ាប្រមាណជាង៤០០ក្រម៉ា និងសាប៊ូជាង៤០០ដុំ ចែកជូនដល់តំណាងប្រជាពលដ្ឋទាំង១៣ភូមិ ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការដុសលាងសំអាតដៃ និងក្រម៉ាសម្រាប់ប្រើប្រាស់ជំនួសម៉ាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល។
លោក ស្វាយ សុវណ្ណរិទ្ធ បានលើកឡើងថា ជំងឺកូវីដ-១៩ បាននិងកំពុងបង្កការឆ្លងរីករាលដាល និងបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់នៅប្រទេសលោកខាងលិច មានអាមេរិក អឹរ៉ុប អឺរ៉ង់ អ៊ីតាលីជាដើម និងប្រទេសមួយចំនួននៅតំបន់អាស៊ី ហើយប្រទេសកម្ពុជាយើងក៏មានការឆ្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះដែរ ប៉ុន្តែ ជាភ័ព្វសំណាងល្អ ដែលជំងឺនេះបានកើតមានតិចតួច ហើយក៏ត្រូវបានព្យាបាលជាសះស្បើយស្ទើរអស់ទៅវិញផងដែរ គឺនៅសល់អ្នកជំងឺចំនួន១២នាក់ទៀតប៉ុណ្ណោះ កំពុងបន្តព្យាបាល និងរយៈពេលជាង១០ថ្ងៃមកហើយ គ្មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទៀតទេ។
លោក ស្វាយ សុវណ្ណរិទ្ធ បានបន្ថែមថា បើទោះជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្បើយបន្តិចមែន ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នឱ្យបានកំរិតខ្ពស់ដើម្បីបង្ការ ទប់ស្កាត់ និងត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ កុំឱ្យឆ្លងរាលដាលដល់ប្រជាពលរដ្ឋបន្ថែមទៀត និងបញ្ចៀសឱ្យបានកុំចំលងដល់សហគមន៍។
លោក ស្វាយ សុវណ្ណរិទ្ធ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងឃុំកុមាររាជាទាំងអស់គ្នា សូមយោគយល់ដល់បំណងល្អរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានលើកដៃសំពះ អង្វរករដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការជួបជុំ ប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យចូលឆ្នាំកន្លងទៅ ក៏ដូចជាដាក់ចេញនូវវិធានាការបង្ការ ការពារ និងការត្រៀមដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោលបំណងសំខាន់តែម៉្យាងគត់ គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យឆ្លងជំងឺកូវីដ-១៩ និងការកើតរីករាលដាលបន្ថែមទៀតតែប៉ុណ្ណោះ។
លោក ស្វាយ សុវណ្ណរិទ្ធ ក្នុងនាមលោកឧបនាយកដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ និងក្នុងនាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ប្រធានក្រុមការងារចុះជួយស្រុកបាទី ក៏បានសំនូមពរបន្ថែមដល់ប្រជាពលរដ្ឋ សូមបន្តខិតខំថែទាំសុខភាព និងការធ្វើអនាម័យឱ្យបានជាប្រចាំ ដោយត្រូវលាងដៃនិងសាប៊ូ និងលាងសំអាតដោយទឹកអាល់កុល ឬជែល ហើយឱ្យរក្សាគម្លាតពីគ្នា និងឱ្យប្រជាពលរដ្ឋមើលថែទាំងកូនចៅ សមាជិកក្នុងគ្រួសារឱ្យបានល្អ រួមជាមួយនឹងការជួយបង្រៀនកូនចៅនៅតាមផ្ទះ ក្នុងដំណាក់កាលដែលសាលារៀនត្រូវបានបិទទ្វារមួយរយៈមកនេះ។
លោក ស្វាយ សុវណ្ណរិទ្ធ ក៏បានសំនូមពរដល់អាជ្ញាធរក្នុងឃុំត្រូវបន្តតាមដានជុំវិញការងាររបស់កម្មករ កម្មការិនីដែលបំរើការនៅតាមរោងចក្រកាត់ដេរសំលៀកបំពាក់ក្នុងឃុំ អំពីបញ្ហាសុខភាព និងការធ្វើអនាម័យ និងត្រូវក្តាប់ឱ្យបានអំពីប្រជាពលរដ្ឋចេញចូល និងការស្នាក់នៅក្នុងមូលដ្ឋាន ហើយបើមានករណីសង្ស័យនៃជំងឺកូវីដ-១៩ ត្រូវប្រញ៉ាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ជាពិសេសក្រសួងសុខាភិបាលជាបន្ទាន់ ដើម្បីជួយសង្គ្រោះ និងពិនិត្យ ព្យាបាលបានទាន់ពេលវេលា។
ជាចុងក្រោយ លោក ស្វាយ សុវណ្ណរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំកុមាររាជា ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋក្នុងឃុំ សូមជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងសុខាភិបាលអំពីការទប់ស្កាត់ ការគ្រប់គ្រង និងប្រឆាំងជំងឺកូវីដ-១៩ ដូចមានជាលទ្ធផលជាក់ស្តែង ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ: ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកុមាររាជា