អ្នកវិភាគ៖ ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេវានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាក់ជាមិនខាន
(ភ្នំពេញ)៖ ផែនការបដិវត្តន៍ពណ៌ដែលរៀបចំឡើងដោយក្រុមជ្រុលនិយមក្រៅស្រុកតាម រយៈការប្រើប្រាស់កម្លាំងក្នុងស្រុកជា ឈ្នួនបំផ្ទុះត្រូវបានបែកការណ៍និងត្រូវបាន ទប់ស្កាត់ហើយបង្ក្រាបបានទាន់ពេលវេលាពីអាជ្ញាធរមានសមត្ថកិច្ចជាបន្តបន្ទាប់។ ពួកគេបានឆ្លៀតឱកាស ពេលដែលរដ្ឋាភិបាលជាប់រវល់ដោះស្រាយវិបត្តិកូវីដ-១៩ និងស្តារសេដ្ឋកិច្ចជាតិឡើងវិញដើម្បីញុះញង់ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដោយបង្កើតព្រឹត្តិការណ៍ជាបន្តបន្ទាប់ដូចជា ការធ្វើពហិកាមិនសងប្រាក់ជំពាក់ ធនាគារនិងមីក្រូហិរញ្ញវត្ថុ ការប្រឆាំងនឹងគម្រោងអភិវឌ្ឍកោះកុងក្រៅ បញ្ហាព្រំដែន បញ្ហាសិទ្ធិសេរីភាព សិទ្ធិមនុស្ស យុត្តិធម៌និងប្រជាធិបតេយ្យ។ សកម្មភាពទាំងនេះត្រូវបានគេដឹងថាមានការរៀបចំ និងមានអង្គការចាត់តាំងច្បាស់លាស់ ព្រមទាំងទទួលបានការគាំទ្រពីក្រោយរបស់បរទេសមួយចំនួនថែមទៀតផង។
ទង្វើបង្កប់ដោយចេតនាទុច្ចរិតនេះមិនអាច អត់ឱនឱ្យបានឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសព្រមានជាមុនរួច ហើយថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមួយក្តាប់តូចបំផ្លាញសុខសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍបានឡើយ។ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដល់កម្លាំងមានសមត្ថកិច្ចក៏បានដាក់ចុះរួចហើយថា «ងើបមួយ បង្ក្រាបមួយ»ដើម្បីការពារសន្តិភាព និងភាពសុខសាន្តរបស់ជាតិនិងប្រជាពលរដ្ឋខ្មែរ។
រហូតមកទល់ពេលនេះ ក្រុមជ្រុលនិយម ជាង ១០នាក់ហើយដែលជ្រកក្រោមស្លាកសកម្មជន សិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជន ព្រះ សង្ឃ ក្រុមបណ្តាញ ចលនា ឬពលរដ្ឋសកម្មធ្វើសកម្មភាពតាមផែនការរៀបចំដោយក្រុមនិយមក្រៅស្រុកដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ ត្រូវបានចាប់ខ្លួននិងត្រូវបានតុលាការចោទប្រកាន់ពីបទបង្កភាព ចលាចលវឹកវរធ្ងន់ធ្ងរដល់សង្គម។ ពួកគេ ទទួលបានការហ្វឹកហ្វឺនច្បាស់លាស់មុននឹងចេញធ្វើសកម្មភាពបង្កភាពអនា ធិបតេយ្យក្នុងសង្គម។ ចំណុចនេះដែលធ្វើឱ្យគេនឹកដល់ក្រុមជនបរទេសមួយចំនួនដែល កាលពីទសវត្សរ៍ឆ្នាំ៩០ ខិតខំការពារគំនិត ឱ្យបង្កើតបណ្តាញ ឬចលនានេះជាជាងបង្កើតជាសមាគម និងអង្គការក្រៅរដ្ឋាភិបាល ចុះឈ្មោះស្របតាមច្បាប់នៅក្រសួងមហាផ្ទៃ ក៏ព្រោះដើម្បីអនុញ្ញាតឱ្យក្រុម ជ្រុលនិយមមានលទ្ធភាពបង្កភាពអនា ធិបតេយ្យក្នុងសង្គមបាន។ បណ្តាញចលនា ឬក្រុមទាំងនោះ ទោះបីជាមានអង្គការចាត់ តាំងច្បាស់លាស់ ប៉ុន្តែពួកគេព្យាយាមនៅ ក្រៅច្បាប់ដើម្បីពួកគេធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ និងងាយស្រួលបំពេញការងារ អាចទទួលជំនួយបានដោយមិនចាំបាច់ធ្វើរបាយការណ៍ ហិរញ្ញវត្ថុ ហើយមិនស្ថិតក្រោមច្បាប់។
ក្រុមក្រៅច្បាប់ទាំងនោះមានដូចជា ចលនាមាតាធម្មជាតិ ក្រុមខ្មែរថាវរៈ ក្រុមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ក្រុមបណ្តាញសហគមន៍ព្រៃឡង់ ក្រុមការងារ សិទ្ធិលំនៅដ្ឋាន។ល។ ពួកគេបាននិងកំពុង ធ្វើសកម្មភាពផ្សេងៗគ្នាដើម្បីបង្កការញុះញង់ បំផុសបំផុសប្រជាពលរដ្ឋ និងបង្កើតភាពអនាធិបតេយ្យនៅក្នុងសង្គម ដើម្បីសម្រេចគោលដៅរួមរបស់ម្ចាស់ជំនួយរបស់ពួកគេគឺ «ឆ្ពោះទៅរកការផ្លាស់ប្តូររបបដឹកនាំបច្ចុប្បន្នតាមបែប មិនប្រជាធិបតេយ្យដោយរុញប្រជាពលរដ្ឋ ឱ្យប្រឈមមុខជាមួយមន្ត្រីអនុវត្តច្បាប់ និង អាជ្ញាធរ»។ ដោយក្រុមទាំងនេះ មានភាពពិសពុលខ្លាំង ហើយទទួលបទបញ្ជាពីក្រុមជ្រុលនិយមពីក្រៅប្រទេស និងចៅហ្វាយនាយរបស់ពួកគេផងនោះក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសមួយ ស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុម យុវជនចលនាមាតាធម្មជាតិ ដែលបានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចវឹកវរក្នុងសង្គម។
ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមានតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាព ដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ទន្ទឹមនេះ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។
ក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមនេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ជាពិសេសទប់ស្កាត់នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌនេះ។
មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញ ប៉ុន្តែការអនុវត្តសិទ្ធិនោះត្រូវស្ថិតក្រោមដំបូលច្បាប់ មិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃឡើយ។ ប្រជាធិបតេយ្យក៏ដូចគ្នាត្រូវស្ថិតក្នុងក្របខណ្ឌនៃនីតិរដ្ឋ។ ប្រសិនបើប្រជាធិបតេយ្យមិនស្ថិតក្រោម ច្បាប់ នោះវានឹងនាំឱ្យកើតជាភាពអនាធិបតេយ្យ។ ភាពអនាធិបតេយ្យក្នុងសង្គមដែលក្រុមជ្រុលនិយមខិតខំប្រឹងប្រែងបង្កើតឡើងដើម្បីក្រឡុកស្ថានការណ៍នយោបាយ បង្កើតការញុះញង់ ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ដើម្បីពួកគេងាយនឹងអនុវត្តផែនការបដិវត្តន៍របស់ពួកគេ។ ប៉ុន្តែពួកគេមិនអាចនិងនឹងមិនអាចសម្រេចគោលបំណងអំណាចដ៏ឆ្កួតលីលា របស់ពួកគេបានឡើយព្រោះកម្ពុជាជានីតិរដ្ឋ៕
ដោយ៖ ចៅចាក់ស្មុក