ខ្មែរប៉ុស្ដិ៍ Close

    គ.ជ.ប ៖ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង១លាននាក់ ដែល​ហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2685
    គ.ជ.ប ៖ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង១លាននាក់ ដែល​ហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ.ជ.ប ៖ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង១លាននាក់ ដែល​ហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា យ៉ាងហោចណាស់មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង១លាន៣សែននាក់ ហួសសុពលភាពនៃការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បម្រើឱ្យការបោះឆ្នោតនាពេលខាងមុខ ដែលទាមទារឱ្យធ្វើបច្ចុប្បន្នភាពឡើងវិញ។
    ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងនេះ គឺមានអ្នកប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ១ និងប្រភេទ២ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។
    ឯកឧត្តមមានប្រសាសន៍ថា អ្នកទាំងនេះអាចស្នើសុំផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួនឱ្យបានពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈប្រើអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានឈីប(Chip) ក្នុងអំឡុងពេលគ.ជ.ប ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ។
    សូមបញ្ជាក់ថា គ.ជ.ប បានដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ ឬហៅថា តាមអនឡាញ(Online) នៅលើគេហទំព័រ voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដើម្បីឱ្យអ្នកមានឈ្មោះ និងទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានឈីប(Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ អាចស្នើសុំផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន។
    ចំពោះអ្នកមានឈ្មោះ និងទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានឈីប ខុសគ្នាទៅនឹងឈ្មោះ ឬទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ ត្រូវទៅជួបជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឱ្យដូចគ្នាទៅនឹងឈ្មោះ ឬទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
    យោងតាមរបាយការណ៍របស់គ.ជ.ប បានបង្ហាញថា បញ្ជីបោះឆ្នោតនៅឆ្នាំ២០១៩ មានប្រជាពលរដ្ឋកម្ពុជាសរុបជាង៨លាន៦សែន​២ម៉ឺននាក់ ស្មើនឹង៨៤,៧៤ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលត្រូវប៉ាន់ស្មានគ្រប់អាយុបោះឆ្នោតសរុប៕

    អត្ថបទទាក់ទង