ថៅកែសិប្បកម្មផលិតកាហ្វេរស់ជាតិថ្មពិល ប្រឈមជាប់គុក២០ឆ្នាំ
ប្រទេសវៀតណាម៖ ស្ត្រីជាថៅកែសិប្បកម្មផលិតកាហ្វេផ្សំពីថ្មពិល ដែលកំពុងតែល្បីកក្រើកពេញប្រទេសវៀតណាម និងពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ប្រសិនបើតុលាការពិតជារកឃើញថា ស្ត្រីជាមេក្លោងរូបនេះ ពិតជាមានពិរុទ្ធភាព។
ស្ត្រីជាថៅកែសិប្បកម្មផលិតកាហ្វេថ្មពិល ដែលប្រឈមនឹងការជាប់ពន្ធនាគារ២០ឆ្នាំ មានឈ្មោះ Nguyen ThiThanh Loan មានអាយុ៤៣ឆ្នាំ។ ស្ត្រីរូបនេះ រួមនឹងបក្ខពួកចំនួន៤នាក់ទៀត ត្រូវបានប៉ូលិសវៀតណាម ធ្វើការបង្ក្រាបនិងចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ពីបទបំពានលើច្បាប់សុវត្ថិភាពចំណីអាហារ បន្ទាប់ពីប៉ូលិសបានរកឃើញទីតាំងផលិតកាហ្វេផ្សំពីថ្មពិល។
កាហ្វេមានសារធាតុផ្សំចេញពីថ្មពិលនេះ បានល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយប៉ូលិសវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំងផលិតកាហ្វេមួយកន្លែងរបស់ស្ត្រីសង្ស័យឈ្មោះ Nguyen ThiThanh Loan នៅក្នុងខេត្តដាកណុង (DakNong) កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។ ក្រោយការចុះបង្ក្រាប ប៉ូលិសបានរកឃើញសារធាតុរាវ៤០លីត្រ កាកសំណល់កាហ្វេជាង២១តោន និងបំណែកនៃថ្មពិលចាស់ៗ ជាង២០០គីឡូក្រាម នៅក្នុងផ្ទះរបស់ស្ត្រីសង្ស័យ។
ស្ត្រីជាមេក្លោងផលិតកាហ្វេថ្មពិលរូបនេះ បានឆ្លើយសារភាពថា ខ្លួនបានបើកដំណើរទីតាំងផលិតកាហ្វេខាងលើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានលក់កាហ្វេនោះអស់ជាង៣តោនរួចមកហើយ បើគិតចាប់តាំងពីដើមឆ្នាំ២០១៨មក។
គួរបញ្ជាក់ថា ទីតាំងផលិតកាហ្វេខាងលើ ស្ថិតនៅក្នុងខេត្តដាកណុង ប្រទេសវៀតណាម ជាខេត្តជាប់ព្រំប្រទល់ដែន ជាមួយប្រទេសកម្ពុជា ផងនោះ បានទិញកាកសំណល់ថ្មពិល ដើម្បីយកធ្យូងនៅក្នុងស្នូលថ្ម (ម្សៅខ្មៅ) មកដុតលាយជាមួយកាហ្វេ ហើយខ្ចប់លក់នៅលើទីផ្សារ នេះបើយោងតាមការចុះផ្សាយគេហទំព័រ Zing របស់វៀតណាម ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មន្ត្រីនាយកដ្ឋានបរិស្ថានខេត្តដាកណុង បាននិយាយថា អង្គភាពរបស់លោក បានសហការជាមួយកងកម្លាំងប៉ូលិសដែលពាក់ព័ន្ធ ឆ្មក់ចូលចាប់កន្លែងកែច្នៃកាហ្វេមួយ ដោយលាយជាមួយម្សៅខ្មៅនៅក្នុងស្នូលថ្មពិល។
ប្រធាននាយកដ្ឋានបរិស្ថានខេត្តដាកណុង បន្តថា កាលពីថ្ងៃទី១៦ ខែមេសា លោកទទួលបានប្រភពព័ត៌មានមួយ ដែលផ្តល់ដោយអធិការដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ ថា រោងចក្រកែច្នៃកាហ្វេរស់ស្ត្រីឈ្មោះ Nguyen ThiThanh Loan នៅឃុំដាក់វ៉ឺ ក្នុងខេត្តដាកណុង មានកាហ្វេកខ្វក់ រាប់សិបតោន លាយជាមួយម្សៅធ្យូងស្នូលថ្មពិល។
ប្រភពពីនគរបាលវៀតណាមដែលចុះត្រួតពិនិត្យ បានរកឃើញ និងរឹបអូសនៅឯកន្លែងកែច្នៃ រួមមាន គ្រឿងចក្រ២ ដែលមានទម្ងន់ប្រមាណ៣៥គីឡូក្រាម ធុងទឹកខ្មៅសម្រាប់ការជ្រលក់ពណ៌ខ្មៅជាមួយនឹងស្នូលថ្ម ម្សៅកាហ្វេចំនួន១២តោន និងឧបករណ៍មួយចំនួនទៀត។
ស្ត្រីសង្ស័យឈ្មោះ Nguyen ThiThanh Loan ដែលជាម្ចាស់ទីតាំងសិប្បកម្ម បានសារភាពឱ្យដឹងថា ទីតាំងផលិតកាហ្វេនេះបាន ដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្រាប់កាកសំណល់ថ្មពិលនេះ គឺបានប្រមូលទិញពីប្រជាជន ហើយផ្តល់កាហ្វេដែលលាយកាកសំណល់ថ្មពិលទាំងនោះ ទៅឱ្យប្រជាជនជាអ្នកចែកចាយលក់បន្តលើទីផ្សារ។
ស្ត្រីសង្ស័យ បញ្ជាក់ថា បន្ទាប់ពីទិញកាកសំណល់ថ្មពិលបានហើយ យកមកកែច្នៃ ដោយយកតែម្សៅខ្មៅ (ធ្យូង) នៅក្នុងស្នូលថ្ម ទៅដាក់ត្រាំទឹក ហើយបន្ទាប់មក យកទៅលាយជាមួយកាហ្វេ។ រួចរាល់ហ្វេត្រូវបានវេចខ្ចប់ខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីលក់ទៅទៅផ្សារ។ រហូតមកដល់ពេលនេះ រូបនាងបានលក់កាហ្វេដែលកខ្វក់ជាង៣តោនហើយ ដែលត្រូវបានលាបពណ៌ខ្មៅជាមួយនឹងស្នូលថ្មពិល៕
ប្រភព៖ នគរធំ