ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ណែនាំឱ្យត្រៀមទទួលភ្ញៀវទេសចរឡើងវិញ ដោយបន្តវិធានបង្ការជំងឺកូវីដ-១៩ ឱ្យបានល្អ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
ក្រសួងទេសចរណ៍ ណែនាំឱ្យត្រៀមទទួលភ្ញៀវទេសចរឡើងវិញ ដោយបន្តវិធានបង្ការជំងឺកូវីដ-១៩ ឱ្យបានល្អ ក្រសួងទេសចរណ៍ ណែនាំឱ្យត្រៀមទទួលភ្ញៀវទេសចរឡើងវិញ ដោយបន្តវិធានបង្ការជំងឺកូវីដ-១៩ ឱ្យបានល្អ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឱ្យអ្នកប្រកបរបរទេសចរណ៍ត្រៀម​​លក្ខណៈទទួល​​ភ្ញៀវទេស​ចរ​ជាតិ​​​ពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ដើម្បី​បំពេញ​​តម្រូវ​​ការសេវាផ្សេងៗរបស់ពួកគេ ប៉ុន្តែត្រូវបន្តអនុវត្តនូវវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានល្អ។

លោក ថោង ខុន បានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរចាប់​​ផ្តើមមានការកើន​​ឡើង​​បណ្តើៗហើយ។ ដូច្នេះប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋ ត្រូវតែប្រុង​​ប្រយ័ត្នកុំភ្លេចខ្លួន​ព្រោះខ្លា​​ច​ឆ្លងកូវីដ​​១៩ បើទោះ​បីជាដើរកំសាន្តសប្បាយនៅកន្លែងណាក៏ដោយ ត្រូវអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈ រក្សាគម្លាតសង្គម រក្សាអនាម័យ ពាក់ម៉ាស់ជាដើម។

នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​​នឹងអនុញ្ញាតឱ្យឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ហើយភ្ញៀវ​​ទេសចរក្នុង​​ស្រុកនឹង​​មានកំណើន ដែលនេះជាចំណុចល្អមួយទៀត។

លោកបន្តថា៖ «ទេសចរក្នុងស្រុករបស់យើងមួយឆ្នាំមានជាង ១លាននាក់ និងចេញទៅកំសាន្តក្រៅ​​ប្រទេសជាង ​​២លាននាក់ ដូច្នេះ ពេលឈប់ជិត១០ថ្ងៃនេះអ្នកមានលុយចេ​ញទៅក្រៅជាង ២លាន​​នាក់នោះមិនទៅណាទេ​ មានតែដើរលេងក្នុងស្រុកព្រោះចេញទៅក្រៅមិនកើត។ អញ្ចឹងយើងបានរំលឹកដល់ម​ន្ទីរទេសចរណ៍គ្រប់​​រាជធានីខេត្ត និងផ្នែកឯកជនអស់ហើយដោយទី១ ត្រូវបង្កើនការត្រួតពិនិត្យសុខភាព​​ភ្ញៀវ​ទេសចរ​ដែលបាន​​ដាក់ចុះដើម្បីការពារសុវត្ថិភាពបងប្អូន។ ទី២ សុំអោយផ្នែកឯកជនបន្ថែមសេ​វាថែ​មដូចជាភោជនីយ​ដ្ឋានខ្លះ​ពីមុន​គាត់មិនទាន់បានបើកទេ ឥឡូវរៀបចំឱ្យគាត់បើកឡើងវិញ សណ្ឋាគារខ្លះអី​មិនទាន់​បើកសុំអោយ​​គាត់បើកឡើងវិញ»។

ជាមួយគ្នានោះ ក្នុងពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាក៏លើក​ទឹក​ចិត្តដល់វិស័យឯកជន ដែលធ្វើការក្នុងវិស័យ​ទេសចរតាមរយៈការលើកលែងការបង់​​កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍​គ្រប់​ប្រភេទនៅឆ្នាំ២០២១ និងការជួយគាំទ្រផ្សេងៗ​​ទៀតដើ​​ម្បីជួយសម្រាលបន្ទុកចំណាយច្រើនផងដែរ។

បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ហាកូវីដ-១៩ បានរុញឱ្យវិស័យទេសចរណ៍កម្ពុជាដើរថយក្រោយ​ចាប់​ពីបីទៅប្រាំឆ្នាំ ដូច្នេះក្រសួងទេចរណ៍ត្រូវប្តូរ និងបានដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីលើក​កម្ពស់វិស័យ​​ទេសចរណ៍​ឱ្យរីកចំរើនឡើងវិញ៕

អត្ថបទទាក់ទង