ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ជំរុញកិច្ចសហការប្រតិបត្តិទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពក្រុមផលិតករ និងសិប្បករខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ជំរុញកិច្ចសហការប្រតិបត្តិទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពក្រុមផលិតករ និងសិប្បករខ្មែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ជំរុញកិច្ចសហការប្រតិបត្តិទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពក្រុមផលិតករ និងសិប្បករខ្មែរ

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ការសម្ដែងការគួរសមដោយលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និងសហការី។

នៅក្នុងកិច្ចប្រជុំនេះ លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគមមានបំណងក្នុងការចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់ការងារទាំងនេះ សមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការធ្វើទីផ្សារ។

ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័កិ្ខ បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម មានតួនាទីក្នុងការអនុវត្តចលនាភូមិមួយផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺមានភាពស្របទៅនឹងគោលការណ៍របស់ក្រសួងផងដែរ។ ក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយជូនជាយោបល់ឲ្យសមាគម ធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា។ ក្រៅពីនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសមាគម ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅនឹងអតិថិជន និងទីផ្សារទូលំទូលាយ។ ក្រសួងពាណិជ្ជកម្មនឹងជួយជំរុញបន្ថែមលើការងារនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ។

នៅក្នុងនោះដែរ សមាគមសិប្បករកម្ពុជា នឹងអនុវត្តតាមការណែនាំរបស់លោករដ្ឋមន្ត្រី ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាសិប្បករ និងសិល្បករ៕

អត្ថបទទាក់ទង