លោក ហ៊ីង សុខសាន្ត បកស្រាយការពិតថា សម រង្ស៊ី គឺជាអ្នកដែលបំបែកបំបាក់ CNRP
លោក ហ៊ីង សុខសាន្ត អតីតប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិ ក្នុងវេទិការបស់ The Cambodia Daily នៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានបកស្រាយការពិតថា លោក សម រង្ស៉ី នេះហើយ គឺជាបុគ្គលដែលដើរបំបែកបំបាក់គណបក្សសង្គ្រោះជាតិយ៉ាងពិតប្រាកដ ។ លោក ហ៊ីង សុខសាន្ត បានលើកឡើងថា អ្វីដែល លោក សម រង្ស៊ី អាចស្រោចស្រង់ជីវិតនយោបាយរបស់គាត់ឡើងវិញ គឺគាត់កំពុងធ្វើរាល់ថ្ងៃហ្នឹងហើយ គឺការដើរបំបែកបំបាក់គណបក្សសង្រ្គោះជាតិ ។
លោក ហ៊ីង សុខសាន្ត បន្តថា គឺរាល់ពេលដែលភាគីលោក កឹម សុខា ស្នើធ្វើអ្វីមួយ លោក សម រង្ស៊ី មិនដែលធ្វើតាមនោះទេ ហើយអ្វីដែលខាងយើងជំទាស់ លោក សម រង្ស៊ី បែរជាមានៈធ្វើអោយបាន ដូចជាបង្កើតចលនា សង្រ្គោះជាតិអីជាដើម ទោះបីយើងជំទាស់ថា កុំបង្កើត ក៏គាត់នៅតែបង្កើត ។ មួយទៀតគឺ សម រង្ស៊ី បានដើរបំបែកបំបាក់កំលាំងប្រឆាំងនៅគ្រប់រដ្ឋទាំងអស់។ លោក ហ៊ីង សុខសាន្ត បានបញ្ជាក់ថា ហេតុអីបានលោកថាសកម្មភាពដែល សម រង្ស៊ី ធ្វើទាំងអស់ហ្នឹង គឺជាការបំបែកបំបាក់ ព្រោះទី១ ការប្រមាថលោក កឹម សុខា និងទី២ ការបង្កើតក្រុមនេះក្រុមនោះដើម្បីវាយប្រហារលោក កឹម សុខា លាបពណ៌លោក កឹម សុខា វាយប្រហារកូនចៅលោក កឹម សុខា អាហ្នឹងជាការស្រោចស្រង់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។
មួយវិញទៀត លោក ហ៊ីង សុខសាន្ត បានគូសបញ្ជាក់ថា ដើម្បីស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី ត្រូវដើរចេញពីសង្រ្គោះជាតិ បើគាត់នៅសង្គ្រោះជាតិគាត់អត់មានអ្វីទៀតទេនៅក្នុងសង្គ្រោះជាតិ ពីព្រោះប្រធានបក្ស គឺលោក កឹម សុខា ហើយនិងអាចមានដំណោះស្រាយនៅថ្ងៃណាមួយ ដូច្នេះដំណោះស្រាយអន្តរជាតិអត់មានលោក សម រង្ស៊ី ទេ ដូច្នេះលោក សម រង្ស៊ី គឺសារ៉ូ (សូន្យ) បើនៅក្នុងក្របខណ្ឌសង្រ្គោះជាតិ បើគាត់បែកចេញពីសង្រ្គោះជាតិ គាត់ទាញបណ្ដុំរបស់គាត់ដែលជាអតីតគណបក្ស សម រង្ស៊ី អោយទៅតាមគាត់។ ប៉ុន្តែដោយសារសកម្មភាពគាត់ដើរចេញពីសង្គ្រោះជាតិ គាត់បែកចេញពីសង្គ្រោះជាតិ ប៉ុន្តែអត់អោយបែកចេញជាចំហទេ។ ដូច្នេះអីឡូវគាត់ដើរចេញហើយ ប៉ុន្តែគាត់កំពុងរកលេសថា ការបែកបាក់នេះ បែកបាក់ដោយសារលោក កឹម សុខា ៕