ខ្មែរប៉ុស្ដិ៍ Close

សារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរាបើកទ្វារដំណើរការឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 56

ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។

លោក សេង សុធារ៉ា អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរទាំង៣មានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និងការគិតគូរពីសុវត្ថិភាពមិនឱ្យឆ្លងជំងឺកូវីដ-១៩។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងអស់នឹងតម្រូវឱ្យស្ថិតនៅចំណុចគំលាត២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន អំឡុងពេលចូលទស្សនាក្នុងសារមន្ទីរ។

អាជ្ញាធរជាតិអប្សរា នឹងបន្តការបើកទ្វារទស្សនាដោយឥតគិតថ្លៃ ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា ដែលការប្រកាសនេះចាប់ផ្តើមពីដើមខែ មីនា ឆ្នាំ២០២០ រហូតដល់ចុងខែមករា ឆ្នាំ២០២១ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយពីប្រវត្តិសាស្រ្ដ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីដល់ភ្ញៀវទេសចរគ្រប់ជាតិសាស្រ្ដបានដឹងពីកម្ពុជា។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ បានអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ សូមអញ្ជើញមកទស្សនាសារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរា គឺសារមន្ទីរបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ទេសចរគ្រប់ជាតិសាសន៍អំឡុងពេលមានជំងឺកូវីដ-១៩នេះ។ ការការពារនេះ គឺដើម្បីធានាសុវត្ថិភាពទាំងទេសចរ និងបុគ្គលិករបស់សារមន្ទីរ ធ្វើយ៉ាងណាធានាឱ្យបានពីសុវត្ថិភាពនៃការឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ និងសារមន្ទីរកុលាលភាជន៍ឡតានី បើកទ្វារពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកទ្វារពីថ្ងៃពុធ ដល់ថ្ងៃចន្ទ៕

អត្ថបទទាក់ទង