ខ្មែរប៉ុស្ដិ៍ Close

ទំនៀមទម្លាប់ដាំស្រូវចម្ការរបស់ជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 62
ទំនៀមទម្លាប់ដាំស្រូវចម្ការរបស់ជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី ទំនៀមទម្លាប់ដាំស្រូវចម្ការរបស់ជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី

រដូវវស្សាបានចាប់ផ្តើមហើយការដាំដុះស្រូវវស្សារបស់កសិករនៅទូទាំងប្រទេសក៏ចាប់ផ្តើមជាបណ្តើរៗដែរ។ ចំពោះបងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ពួកគាត់នៅតែរក្សាប្រពៃណីទំនៀមទម្លាប់ដាំស្រូវចម្ការរបស់ពួកគាត់ បើទោះបីពេលបច្ចុប្បន្ន មានឧបករណ៍សម្ភារកសិកម្ម មានភាពទំនើបក៏ដោយ ក៏ប្រពៃណីដាំស្រូវមួយនេះ នៅតែមានវត្តមានតាមសហគមន៍ជនជាតិដើមភាគតិចនៅឡើយ។

លោក ព្លើន ស៊ីផុន ជាចាស់ទុំ និងជាជនជាតិដើមភាគតិចព្នង រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ប្រពៃណីដាំស្រូវចម្ការនេះ គឺមានតាំងពីយូរលង់ណាស់មកហើយ ការដាំស្រូវចម្ការនេះចាប់ផ្តើមដាំដុះក្នុងខែឧសភា រហូតដល់ដើមខែកក្កដា ដែលមានប្រភេទពូជស្រូវស្រាល និង ស្រូវធ្ងន់ សម្រាប់ធ្វើការដាំដុះនៅតាមជើងភ្នំ ឫចង្កេះភ្នំ។ លោក ក៏បានបន្ថែមថា ការដាំស្រូវចម្ការនេះ ខុសប្លែកពីធ្វើស្រូវរដូវវស្សារបស់បងប្អូនខ្មែរនៅក្នុងតំបន់វាលទំនាប ត្រង់ថា បងប្អូនជនជាតិដើមភាគតិចដាំស្រូវចម្ការរបស់ពួកគាត់ គឺពួកគាត់បានប្រមូលគ្នាជាសហគមន៍ប្រវាស់ដៃគ្នា។ ការដាំស្រូវរបស់ពួកគាត់គឺខុសផ្លែកពីតំបន់ទំនាបកណ្ដាល ត្រង់ពួកគាត់បានចោះព្រៃតាមតំបន់ភ្នំ ហើយបុកដាំមិនមានការភ្ជួររាស់ដូចតំបន់ទំនាបកណ្ដាលនោះទេ ។ ចំពោះទិន្នផលស្រូវចម្ការ ក៏បានតិចតួចដែរ ខុសពីការធ្វើស្រូវវស្សា ដែលងាយស្រួល និងបានទិន្នផលខ្ពស់ផងដែរ។

លោក ស៊ីដន ចាន់ ជាគ្រូបង្រៀនម្នាក់ និង ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា បានឱ្យដឹងដែរថា ក្រៅពីការដាំស្រូវចម្ការរួចរាល់ រូបលោកក៏បានដើររកអាស្រ័យផលលើធនធានធម្មជាតិ ដូចជា រកជ័រ កាប់ផ្តៅនៅក្នុងព្រៃ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅបន្ថែម។ លោក ស៊ីដន ចាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ត្រូវចូលរួមថែរក្សាការពារ អភិរក្សប្រពៃណី និងទំនៀមទម្លាប់ ដែលមានតាំងពីយូរលង់ណាស់មកហើយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗទៀត ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានដឹងឱ្យថា ប្រពៃណីដាំស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនេះ គឺមានតាំងពីយូរលង់ណាស់មកហើយ បើទោះបច្ចុប្បន្នសម្ភារកសិកម្ម មានភាពទំនើបយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្ដរក្សាទំនៀមទម្លាប់ដើមដដែល។ ប៉ុន្តែមានការប្រែប្រួលច្រើន ដោយពួកគាត់ងាកទៅដាំដំណាំផ្សេងៗវិញ ដូចជា ស្វាយចន្ទី និងដំឡូងមី និងដាំដំណាំរួមផ្សំផ្សេងៗទៀត ព្រោះដំណាំទាំងនោះទទួលបានទិន្នផលខ្ពស់ជាង។ លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា នៅឆ្នាំ២០២០ ផ្ទៃដីដាំស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនៅមានចំនួនតិចតួចប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៩ អនុវត្តន៍បានសរុបចំនួន ១.៦៤០ហិកតា គិតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ អនុវត្តន៍ដាំស្រូវបានត្រឹមចំនួន ៩៥ហិកតា៕

អត្ថបទទាក់ទង