ស្រា៖ មធ្យោបាយភ្ជាប់មនុស្សទៅនឹងទេព
«ស្រា» ជាភេសជ្ជៈដ៏ពេញនិយមបំផុតប្រើក្នុងកិច្ចពិធីផ្សេងៗនៅក្នុងសង្គមខ្មែរ។ តម្រូវការ «ស្រា» ចំពោះមនុស្សមានតាំងពីកើតរហូតដល់ស្លាប់ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។
តាមរយៈបាឋកថារបស់លោកសាស្ត្រាចារ្យ អាំង ជូលាន អំពី «ស្រា» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាកន្លងមកនេះ បានលើកឡើងថា៖ នៅក្នុងបរិបទខ្លះ មានកិច្ចពិធីជាដើម ស្រាជាវត្ថុមានជីវិត ត្រូវនឹងភាសាអង់គ្លេសថា «Spirits»«ព្រលឹង, វិញ្ញាណ» ចំណែកភាសាបារាំង គឺ «Spiritueur» «eau de vie» មានន័យថា «ទឹកនៃជីវិត»។ ន័យទាំងនេះ គឺបានបញ្ជាក់ពីតម្លៃសំខាន់នៃស្រា ដូចជាការយល់ឃើញនិងការប្រតិបត្តិរបស់ខ្មែរដែរ។
លោកសាស្ត្រាចារ្យបញ្ជាក់ថា ចំពោះភាសាខ្មែរ «ស្រា» បានបាត់ពាក្យដើមដោយសារខ្ចីពាក្យសំស្ក្រឹត «សុរា» មកប្រើ។ ភាពសំខាន់នៃ «ស្រា» ត្រូវបាត់ចាត់ទុកជាភេសជ្ជៈដ៏ពិសិដ្ឋ ដែលមិនមែនគ្រាន់តែផឹកកម្សាន្ត ផឹកឱ្យឆ្ងាញ់នោះទេ តែជាមធ្យោបាយភ្ជាប់មនុស្សទៅទេព (Communion) និងជំរុញឱ្យមានវត្តមានទេពនៅក្នុងកិច្ចពិធី (ទេព គឺសំដៅដល់អ្វីៗដែលមិនមែនជាមនុស្ស)។
លោកសាស្ត្រាចារ្យ ជូលាន បានបង្ហាញអំពីភស្តុតាងមួយចំនួនដែលបញ្ជាក់ថា «ស្រា» ជាមធ្យោបាយភ្ជាប់ខ្លួនទៅទេពនេះ គឺមានទាំងបរទេស និងខ្មែរ ពិសេសគឺជនជាតិភាគតិចនៅកំពង់ស្ពឺ រតនគិរី មណ្ឌលគិរី អំពីការប្រើប្រាស់ស្រាក្នុងការរស់នៅដោយយក «ស្រា» ធ្វើជាគ្រឿងសំណែនដ៏សំខាន់ក្នុងកិច្ចពិធីដូចជា៖
នៅប្រទេសជប៉ុន សាសនាស៊ិនតូដែលជាសាសនាដើមដ៏ចំណាស់ ហើយត្រូវបានគោរពដោយអធិរាជជប៉ុនផងនោះ គេតែងយកស្រាទៅតម្កល់ទុកនៅក្នុងទីសក្ការៈនិងប្រគេនបុព្វជិត។ ចំណែកនៅកោះ Taketomi ប្រជាជនជប៉ុនបានធ្វើពិធីសែនព្រេនដោយការយកស្រាទៅស្រោចលើអ្នកតា ដើម្បីនិយាយជាមួយទេព បន្ទាប់មកក៏នាំគ្នាផឹកស្រាដោយកាយវិការគោរព ជាការបូជាដល់ទេព ឱ្យទេពបានទទួលសេពសោយ និងភ្ជាប់ខ្លួនទៅនឹងទេព ដោយការបញ្ចូលទេពទៅក្នុងខ្លួន ដើម្បីឱ្យមានភាពចុះសម្រុងគ្នា ចូលគ្នា (Communion)។ ជំនឿនេះមានការគោរពតាំងពីប្រជាជនសាមញ្ញ រហូតដល់ស្តេច។ លើសពីនោះទៀត សម្រាប់ប្រទេសជប៉ុន នៅពេលស្តេចឡើងគ្រោងរាជ្យថ្មី ឬការទទួលឥស្សរជនជាន់ខ្ពស់ គឺតែងតែយកស្រា Sake មកអបអរសាទរនិងទទួលភ្ញៀវជានិច្ច។
ចំពោះគ្រឹស្តសាសនា ស្រាទំពាំងបាយជូរត្រូវបានចាត់ទុកជាស្រាដ៏ពិសិដ្ឋ ដែលប្រដូចទៅនឹងឈាមរបស់ព្រះគ្រឹស្តិដែលទ្រង់បានបូជា។ ដូច្នេះ បរិស័ទទាំងនោះតែងទទួលទានស្រាទំពាំងបាយជូរនៅឱកាសពិសេសៗ គឺដូចបានភ្ជាប់ខ្លួនទៅនឹងព្រះ និងបញ្ចូលព្រះក្នុងខ្លួនដូច្នោះដែរ។
សម្រាប់ជាតិពន្ធុផ្សេងៗនៅក្នុងប្រទេសកម្ពុជាវិញ ស្រាដែលបរិសុទ្ធ គឺស្រាស ដែលប្រជាជនបិតតាមទម្លាប់ សម្រិតសម្រាំងនូវគ្រឿងផ្សំ មិនមានថែមទឹក ឬប្រើសារធាតុគីមីលាយឡំ។ គេបានយកស្រានេះទៅប្រើក្នុងកិច្ចសំខាន់ៗជាច្រើនពេលប្រារព្ធពិធីអ្វីមួយឬមានបញ្ហាអ្វីមួយកើតឡើងចំពោះគ្រួសារនិងសង្គមដែលរស់នៅរស់ដូចជា៖
ជនជាតិភាគតិចព្នង គ្រឹង ទំពួន ក្រវិត នៅរតនៈគិរី មណ្ឌលគិរី ស្រានិងឃ្មោះ គឺជារបស់សំខាន់បំផុតដែលមានរក្សាទុកគ្រប់ផ្ទះ ឬក៏មានរោងមួយសម្រាប់តម្កល់ស្រានិងឃ្មោះរួមផងដែរ។ ពួកគេបានទុកស្រាជាវត្ថុមានជីវិត ដូចជានៅពេលមានស្រាថ្មី មុនពេលបើកផឹក គេតែងនិយាយជាមួយស្រាសិន ហើយអ្នកដែលចូលរួម ក៏ត្រូវផឹកដែរ។ ជំនឿមួយបែបទៀត នៅពេលគេផ្លាស់ប្តូរទីលំនៅ គេក៏តែងយកយកស្រាមកផឹកជាមួយគ្នា។ នៅពេលឆ្លងទន្លេ បុរសជាប្តីនិងអ្នកជិតខាងក៏ត្រូវផឹកស្រា ដើម្បីឱ្យការឆ្លងទន្លេបានរលូន។ ពេលកប់សព គេតែងដាក់ស្រាជាមួយនឹងពាងសពដែលគេវាយបំបែកគូទ ដើម្បីកុំឱ្យខ្មោចត្រឡប់ទៅផ្ទះ។ បន្ថែមពីនោះ ការព្យាបាលជំងឺ ស្រាក៏ត្រូវបានជនជាតិភាគតិចយកមកសែនព្រេនដល់ទេព និងចូលរួមផឹកជាមួយអ្នកភូមិ ដើម្បីឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ បើអ្នកនោះមានជីវភាពធូរធារ គេក៏កាប់ក្របីបូជាដល់ទេពផងដែរ។ ចំពោះស្ថានភាពពិសេសខ្លះ សម្រាប់អ្នកធ្វើចម្ការ គេតែងស្ពាយកាផាដាក់ពាងស្រាពីក្រោយដើម្បីទុកផឹក សុំឱ្យឧបករណ៍កាប់ឆ្ការនោះមុត ប្រើការល្អ។ រីឯអ្នកមានកូនតូច ហើយចាប់ផ្តើមមានផ្ទៃពោះទៀត គេក៏ជុំគ្នាផឹកស្រា ដើម្បីសុំឱ្យកូនបងកុំច្រណែននឹងកូនប្អូនពេលកើតមក។ល។
សម្រាប់ជនជាតិភាគតិចព័រ/សួយនៅខេត្តកំពង់ស្ពឺក៏ដូច្នោះ ស្រាគឺជាវត្ថុដ៏សំខាន់ដែលគេគោរពបំផុត ហើយក៏ត្រូវបានយកមកប្រើក្នុងពិធីមួយចំនួនដូចជនជាតិភាគតិចនៅមណ្ឌលគិរីនិងរតនគិរីផងដែរ។ តែមានករណីខ្លះ គឺប្លែកត្រង់ពេលចូលឆ្នាំ គេឱបពាងស្រា ហើយមានអ្នកប្រដេញដណ្តើម ដូចកីឡាបាល់ឱប ហើយយកមកធ្វើពិធីយ៉ាងសប្បាយរីករាយ។
ចំពោះប្រជាជនខ្មែរនៅសម្បូរព្រៃគុក នៅពេលបិទវដ្តស្រូវម្តងៗ ប្រជាជនបាននាំគ្នាដើរប្រមូលស្រាតាមផ្ទះ ហើយធ្វើពិធីហែហមយ៉ាងសប្បាយរីករាយ ឯអ្នកខ្លះក៏មានកាន់ស្រា១ដបតូច ជាមួយធូបទៀន និងនំជាល ដើម្បីយកទៅថ្វាយអ្នកតា។ ក្នុងពេលសែនព្រេន គេតែងច្រូចស្រាលើអ្នកតា និយាយនឹងស្រា ហើយផឹកស្រារួមគ្នា ដើម្បីជាការភ្ជាប់ខ្លួននឹងទេព និងបំពេញសំណូមពរអ្នកសុំ។
ក្រៅពីនោះ ស្រាក៏ត្រូវបានប្រើក្នុងពិធីឆ្លឹងវ័យដូចជា ប្រើសម្រាប់សែនព្រេននៅពេលកើត ការផឹកជួបជុំអបអរកំណើតថ្មីជាមួយអ្នកភូមិ ការសែនបញ្ជូនដល់ខ្មោចដូនតាឱ្យបានដឹងឮ ជួយថែករក្សាការពារកូនចៅ។ បើចំពោះក្មេងស្រីពេលពេញវ័យ ចូលម្លប់ក៏យកស្រាមកសែនឱ្យទេពដឹងឮ និងសែនដល់កញ្ជើស្រូវ ដើម្បីឱ្យដឹងថានាងម្នាក់នេះនឹងចូលនូវម្លប់ហើយ សូមឱ្យមានសិរីសួស្តីគ្រប់ប្រការ ហើយម្ចាស់ខ្លួនក៏ត្រូវផឹកស្រានោះដែរ (ឱ្យខ្មោចម្លប់ដឹង)ជាមួយអ្នកចូលរួម។ បន្ថែមពីនោះ គេក៏ឃើញវត្តមានស្រាប្រើសម្រាប់ព្យាបាលរោគ តាមរយៈការសែនព្រេនពេលលៀងមេមត់ដោយដាក់ស្រានៅលើព្រះភូមិ ដើម្បីឱ្យមានជីវិត និងសែនចំពោះព្រះពិស្ណុការ រួមនឹងអ្នកភ្លេង ដើម្បីឱ្យទេពជួយដកពិសឱ្យពរដល់ម្ចាស់រូបដែលឈឺបានជាសះស្បើយ ហើយឱ្យក្រុមភ្លេងលេងភ្លេងត្រូវបែបបទ មិនបង្ករការរអាក់រអួលដល់កម្មវិធី។ លើសពីនោះទៀត សង្គមខ្មែរក៏ត្រូវការស្រាប្រើក្នុងកិច្ចពិធីមង្គលការ ចម្រើនអាយុ រហូតដល់បុណ្យសពផង។
ទាំងនេះ សរបញ្ជាក់ឱ្យឃើញថា «ស្រា» គឺជាផ្នែកសំខាន់ណាស់ក្នុងកិច្ចពិធីនៃការរស់នៅរបស់មនុស្សទាំងកើត ទាំងស្លាប់ ទាំងក្នុងសាសនា និងជំនឿជីវចលទៅលើទេព ដែលពិបាកនឹងបដិសេធឬលុបបំបាត់ចោល ព្រោះគេជឿថាជាតម្រូវការរបស់ទេព បើទោះបីជាស្រានឹងបំផ្លាញដល់សុខភាព ទ្រព្យសម្បត្តិ សុភមង្គលគ្រួសារ និងបង្ករអសន្តិសុខសង្គមមនុស្សក្តី។
ពាក់ព័ន្ធនឹងទំនាក់ទំនងពីមនុស្សទៅទេពនេះដែរ លោកសាស្ត្រាចារ្យ អាំង ជូលាន បានបន្ថែមថា ក្រៅពីស្រា ខ្មែរក៏មានការប្រើជាសំឡេង (ឧបករណ៍ភ្លេង) ពន្លឺ (ទៀន) ផ្សែង (ធូប) ដើម្បីជាស្ពានភ្ជាប់ទៅទេព។ ធូបប្រដូចទៅនឹងច្រមុះ ពន្លឺជាភ្នែក រីឯសំឡេងប្រៀបនឹងត្រចៀក ដែលជាមធ្យោបាយ ដើម្បីទាក់ទាញទេពឱ្យមកជិត មកក្បែរ មកបំពេញសំណូមពរដែលយើងសុំ។
យើងអាចទាក់ទងនឹងទេពបាន គឺនៅពេលនិងទីកន្លែងមួយដែលយើងរៀបចំធ្វើកិច្ចក្នុងមួយរយៈកំណត់ ដោយរៀបជាស្ពានភ្ជាប់ពីមនុស្សទៅទេព។ ស្ពាននោះ ពេលចម្លងគឺជាអ្វីដែលធ្វើឱ្យមនុស្សមិនមែនជាមនុស្ស។ ពេលនោះអ្នកនិងទេព បានរលាយចូលគ្នា នៅជាមួយនឹងគ្នា។ ទេពដឹងឮនិងមើលឃើញនូវអ្វីដែលអ្នករៀបចំ ក្នុងបំណងមកជួបទេព។ ទេពនឹងបំពេញតាមសំណើសុំ ដោយជួយជ្រោមជ្រែងដោះស្រាយតាមសំណូមពរ៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឺមអាន/កញ្ញា ហ៊ីង ស្រីរ័ត្ន