ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ពេលវេលាដែលត្រូវបកស្បែកមុខអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស!»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 6
លិខិតមិត្តអ្នកអាន៖ «ពេលវេលាដែលត្រូវបកស្បែកមុខអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស!» លិខិតមិត្តអ្នកអាន៖ «ពេលវេលាដែលត្រូវបកស្បែកមុខអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស!»

វាពិតជាគ្មានអ្វីគួរឲ្យស្ស័យទៀតឡើយដែលថា ក្រុមមនុស្សដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សទាំងនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និងក្រុមកូនជឹងដែលប្រមូលផ្តុំគ្នាក្នុងអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក ឬជាអ្នកតាំងខ្លួនឯងថា អ្នកវិភាគឯករាជ្យ ឬសារព័តមានឯករាជ្យ… តាមពិតទៅ គឺជាពពួកពាក់ស្រោមមុខក្លែងក្លាយតែប៉ុណ្ណោះ ពោលគឺមិនខុសអ្វីពី«សត្វខ្លាកំណាច ពាក់ស្បែក ចៀមនោះឡើយ»

ជាក់ស្តែង ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១មក ហើយជា ពិសេសគឺក្រោយស្រុកខ្មែរ យើងទទួលបានការឯកភាពទឹកដី និងសន្តិភាពពេញលេញទាំងស្រុងនៅថ្ងៃ ២៩ ធ្នូ ១៩៩៨មក ក្រុមនេះដែលតែងតែគោះជួង ទូងស្គរ តាមរយៈការចេញសេចក្តីថ្លែងការណ៍(ដោយឡេក ពីគ្នាក្តី ឬររួមគ្នាក្តី), ឬក៏ស្រែកវ៉ោកវ៉ាកតាមបណ្តាញផ្សព្វផ្សាយបរទេសជាខេមរភាសាតាមរយៈកិច្ចសម្ភាសន៍, ឬកិច្ចពិភាក្សាតុមូល តុជ្រុង ឬបង្ហោះតាមហ្វេសប៊ុកព្រោងព្រាត ពាក់ព័ន្ធនឹងបញ្ហាកម្ពុជា ឥឡូវនេះស្រាប់តែបិទមាត់ដូចគេចុកនៅពេលដែលមានផ្ទុះបាតុកម្មហិង្សានិងការបង្ក្រាបយ៉ាងសាហាវរបស់ប៉ូលិសទៅលើក្រុមបាតុករនៅឯសហរដ្ឋអាមេរិក។

បើនៅកម្ពុជាវីញ សមត្ថកិច្ចឃាត់អ្នកលេងហ្វេសប៊ុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈដែលបំពានលើអ្នកដទៃ ឬគ្រាន់តែ រដ្ឋាភិបាលលោកហ៊ុន សែនចាត់វិធានការខ្លះដើម្បីទប់ស្កាត់ សកម្មភាពញុះញង់បង្កចលាចលសង្គមក្នុងក្របខណ្ឌនៃការបង្ការការឆ្លងរាលដាលកូវីដ-១៩ ក្រុមដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សទាំងនោះនាំគ្នាបញ្ចេញសំឡេងយ៉ាងកងរំពង ដើម្បីរិះគន់វាយប្រហារមកលើអាជ្ញាធររាជរដ្ឋាភិបាលថា ប្រើអំណាចផ្តាច់ការដើម្បីបំបិទសិទ្ធបញ្ជេញមតិ សិទ្ធសេរីភាព សារព័ត៌មាន ឬជាការរំលោភសិទ្ធិមនុស្សជាដើម។

ប៉ុន្តែ នៅពេលដែលប៉ូសិសអាមេរិកចាប់អ្នកកាសែតវ៉ៃខ្នោះលើគោក, ចាប់ក្រុមបាតុករចងស្លាបសេករណូករណែលពេញផ្លូវ, ច្រានធាក់ បាតុករឲ្យដួលក្រឡាប់ផ្កាប់ផ្ងារ, បើកឡានបុកហ្វូងបាតុករប៉ើងដូចក្រដាស់ ។ល។ ក្រុមជើងឯកខាងសិទ្ធិមនុស្សនិងខាងសេរីភាព សារព័ត៌មានបែរជាបិទមាត់ដូចគេចុក។ វិទ្យុដែលតាំងខ្លួនថាឯករាជ្យទាំងឡាយផ្សាយចេញពី ទឹកដីដែលកំពុងដុតរោលដោយអំពើហិង្សាបែរជាបិទភ្នែក បិទមាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់អំពីបញ្ហាជុំវិញខ្លួន តែបែរជាមកនិយាយរិះគន់រឿងតូចតាចដោយគ្រាន់តែមាន ពលរដ្ឋខ្មែរមួយក្រុមជាប់គាំង នៅប្រទេសម៉ាឡេស៊ីដោយ សារតែបញ្ហាកូវីដ-១៩ទៅវិញ។

គេនៅចាំបានថា កាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ នៅកម្ពុជាក៏មានផ្ទុះឡើងនូវ បាតុកម្មហិង្សានិងកុប្បកម្មដុតបំផ្លាញ វាយម្ទេចបែបនេះដែរ។ កាលណោះ អាជ្ញាធរកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការបង្ក្រាបដើម្បីការពារនិងស្តារសណ្តាប់ធ្នាប់សង្គម ការពារសេចក្តីសុខ របស់ពលរដ្ឋ និងការពារទ្រព្យសម្បត្តិសាធារណៈនិងឯកជននោះឡើយ។ ប៉ុន្តែ ក្រុមអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សបែរជានាំគ្នាស្រែក រិះគន់យ៉ាងកងរំពងតាំងពីក្នុងស្រុកដល់ក្រៅស្រុក។ ដល់ពេលឥឡូវស្ថានភាពធ្ងន់ធ្ងរជាងនេះកើតឡើងនៅក្នុងប្រទេសដែលជាជំរកនិងជាប្រភពលុយរបស់ពួកគេ បែរជានាំគ្នាស្ងាត់មាត់ដូចគេចុក។

ស្ថានភាពនេះបានធ្វើឲ្យ សាធារណជនទូទៅបានស្គាល់ពីមុខមាត់ពិតប្រាកដរបស់ក្រុមជើងឯកសិទ្ធិមនុស្ស និងប្រជាធីបតេយ្យទាំងនោះព្រោះស្រោមមុខរបស់ពួកនេះត្រូវបានបើក ហើយនៅពេលនេះ។
តាមពិត ពួកគេមិនមែនជាជើងឯកខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬជើងឯកខាងសេរីភាពសារព័ត៌មានដូចដែលខ្លួនបានបង្ហាញនោះឡើយ។ នៅពីក្រោយក្រុមនោះគឺផលប្រយោជន៍ និងរបៀបវារៈ នយោបាយសុទ្ធសាធ។

ពួកគេធ្វើការដើម្បីបម្រើផលប្រយោជន៍ម្ចាស់ជំនួយ និងពួកបរទេសនៅពីក្រោយខ្នងដោយគ្រាន់តែគេបន្តក់លុយឲ្យបានរស់តែប៉ុណ្ណោះ។ ប្រសិនបើអ្វីមួយប៉ះពាល់ដល់ផលប្រយោជន៍ចៅហ្វាយនាយ ពួកគេត្រូវតែបិទមាត់ដូចគេចុក។ ផ្ទុយទៅវិញ ប្រសិនបើអ្វីមួយ មានប្រយោជន៍ដល់មហិច្ឆតារបស់ម្ចាស់ជំនួយ ពួកគេបើកមាត់ ស្រែកឥតឈប់ឈរ។

ជាការពិត ការលើកឡើងបញ្ហាអស់ទាំងនេះមិនមែនជាការ សើចចំអកឡកឡឺយដល់ប្រទេសណាមួយនោះឡើយ។

ខ្ញុំពិតជាយល់បានថា ប្រទេសនីមួយៗមានបញ្ហារៀងៗខ្លួននិង មានវិធានការចាំបាច់របស់ខ្លួន ដើម្បីការពារសណ្តាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ និងការពារភាពសុខសានរបស់ ប្រជាពលរដ្ឋ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បង្ហាញពេលនេះគឺ «ការបកស្បែកមុខក្រុមខ្លាកំណាច ពាក់ស្បែកចៀម» ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានឃើញមុខមាត់ក្រុមនោះឲ្យបានច្បាស់ពីព្រោះក្រុមនោះមិនមែនធ្វើការដើម្បីបុព្វហេតុការពារសិទ្ធិមនុស្ស ឬការពារសេរីភាព សារព័ត៌មានដូចដែលពួកគេបានអួតអាងនោះឡើយ។ ប៉ុន្តែ ពួកគេត្រូវបានចងក្រងជាខ្សែបណ្តាញដោយមានអង្គការចាត់តាំង និង របៀបវារៈនយោបាយច្បាស់ លាស់ដើម្បីបំផ្លាញកម្ពុជា ឬប្រទេសណាដែលពួកគេយល់ ថាមិនអាចយកធ្វើជាកូនជឹងបាន។

យោងតាមអ្វីដែលបាននិងកំពុងកើតឡើងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបពេលនេះ ក៏ដូចជា បញ្ហាផ្សេងៗដែលបានកើតឡើងកន្លងមកនៅកម្ពុជាក៏ដូចជា នៅក្នុងបណ្តាប្រទេសនានាដែរ យើងអាចទាញសេចក្តីសន្និដ្ឋានខ្លះៗបានដូចខាងក្រោម៖

ទី១៖ ប្រទេសនីមួយៗសុទ្ធតែមាន បញ្ហារៀងៗខ្លួនមិនថាប្រទេសធំឬតូច ប្រទេសមានឬប្រទេសក្រនោះឡើយ។ ដូច្នេះ សូមប្រទេសធំ កុំមើលឃើញតែបញ្ហានៅក្នុងប្រទេសតូចតាច ហើយតាំងខ្លួន ជាគ្រូប្រដៅដល់ប្រទេសតូចតាច ទាំងនោះអីពីព្រោះថ្ងៃណាមួយបញ្ហាដូចគ្នាក៍នឹងអាចកើតឡើង នៅក្នុងប្រទេសរបស់ខ្លួនជាមិនខាន។ បើបញ្ហាកើតឡើងហើយ អ្នកក៍នឹងត្រូវចាត់វិធានការ ដូចតែគ្នានោះទេដើម្បីស្តារនិង រក្សាការពារសណ្តាប់ធ្នាប់សាធារណ: ស្ថេរភាពសង្គម សេដ្ឋកិច្ច និង នយោបាយ។

ទី២៖ មិនប្រាកដថា ប្រទេសធំ និងជឿនលឿនអាចគ្រប់គ្រងស្ថានការណ៍បានល្អជាងប្រទេសតូច និងមិនសូវអភិវឌ្ឍន៍នោះឡើយ។ ជួនកាលប្រទេសតូចក៏អាចមានវិធានការល្អនិងមានប្រសិទ្ធភាពជាងប្រទេសធំក៏ថាបានដែរ។ ការគ្រប់គ្រងជំងឺ កូវីដ ១៩ និង ការគ្រប់គ្រងស្ថានការណ៍ចលាចលសង្គមនៅអាមេរិកពេលនេះគឺជា ឧទាហរណ៍ស្រាប់។ ជួនកាល ប្រទេសតូចមួយមានសមត្ថភាពខ្លាំងជាងមហាប្រទេសក៏ថាបាន ដែរ។ ដូច្នេះ សូម «បញ្ឈប់ទៅការតាំងខ្លួនជាបងធំ ជាអ្នកខ្លាំង ហើយមើលស្រាលគេឯង»

ទី៣៖ ពេលមានបាតុកម្មចលាចល វាតែងតែកើតមានអំពើ ហិង្សាដែលទីបំផុតឈានដល់អំពើកុប្បកម្ម វាយកម្ទេច ដុតបំផ្លាញ និងអំពើលួចប្លន់។ល។ នេះជាហេតុផលដែលអាជ្ញាធរ ប្រយ័ត្នប្រយែងចំពោះការធ្វើសកម្មភាពញុះញង់ រឺការបំផុសនូវចលនាធ្វើបាតុកម្មក្នុងន័យការពារប្រសើរជាងព្យាបាល។

ទី៤៖នៅលើលោកនេះ គ្មានទេជើងឯកខាងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឬខាងសេរីភាព សារព័ត៌មាន។ ប្រទេសនីមួយៗ មានទំនាមទម្លាប់ ប្រណៃណី និងផ្នត់គំនិតមនុស្សផ្សេងៗគ្នា។ ប្រទេសខ្លះឲ្យតម្លៃខ្លាំងទៅលើ សេរីភាព ខណៈដែលប្រទេសខ្លះទៀតឲ្យតម្លៃទៅលើវិន័យ និងសណ្តាប់ធ្នាប់ជាធំ។ ដូច្នេះ សូមចេះគោរពសិទ្ធិគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកដោយ ស្មើមុខមាត់គ្នាដើម្បីសេចក្តីសុខ របស់មនុស្សនៅលើភពផែនដី ទាំងអស់គ្នា។

ទី៥៖ អ្នកដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងខាងសេរីភាពសារព័ត៌មាន ក៏ ល្មមភ្ញាក់ខ្លួនហើយពីព្រោះ បើ ទោះជាបន្តពាក់ស្រោមមុខតទៅទៀត គឺក៍មិនខុសអ្វីពីការ លាក់មុខតែគូទនៅកណ្តាលវាល នោះឡើយ។ បើពួកអ្នកចាំតែ ស្រែកដាក់ប្រទេសតូចតាច ហើយបិទមាត់ដូចគេចុកចំពោះប្រទេសធំៗក្នុងរឿងដូចគ្នាបែបនេះ ការងាររបស់អ្នកក៍គ្មានតម្លៃអ្វីបន្ទិចណានោះឡើយព្រោះអំពើហិង្សានៃការបង្ក្រាបដ៏សែនឃោរឃៅ អសីលធម៌និងអមនុស្សធម៌របស់ប៉ូលីស ឆ្មាំការពារនិង យោធាទៅលើហ្វូងបាតុករនៅទូទាំងសហរដ្ឋអាមេរិក ជាភស្តុតាងជាក់ស្តែងបំផុតហើយក៏ជាពេលវេលាដ៏ល្អបំផុតដែរដែលត្រូវបកស្បែកមុខក្រុមអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិ មនុស្សនិងប្រជាធិប្បតេយ្យ ទាំងនោះដែរ៕

ដោយ : អ្នកនយោបាយតុកាហ្វេ