ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បតជំងឺឆ្លងកូវីដ-១៩។

លោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ រលកទី២ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគកូវីដ-១៩ឲ្យសោះ និងសូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាល ចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បតជំងឺឆ្លងកូវីដ-១៩! អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគកូវីដ-១៩ ឲ្យសោះ។ សូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន ។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ។

មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហើយស្លាប់ជាង៣០ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។ មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩នៅឡើយទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។

សូមបន្តស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩នៅទូទាំងប្រទេស»។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ-១៩ សរុប១២៤ករណី ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់បានព្យាបាលជាសះស្បើយ និង២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕

អត្ថបទទាក់ទង