ខ្មែរប៉ុស្ដិ៍ Close

ទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
ទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ

នៅព្រឹកថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជា មួយលោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិ​ភាព​រាជធានីភ្នំពេញ។ លោក Jeffrey D. Sachs បានគោរពជូនលោកនាយករដ្ឋមន្ត្រីថា លោក ពិតជាមានកិត្តិយស និងសប្បា​យរីករា​យជាខ្លាំងដែលបានជួបលោកសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពី១៥ ឆ្នាំមុននៅគេហ​ដ្ឋាននៅវិមាន​ឯករា​ជ្យ​។ លោក បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះគឺ លោក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជាយើងដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិស័យសុ​ខាភិបាល និងការអភិវឌ្ឍលើដទៃទៀតដែលហួសពីការ​ស្មាន។

លោកទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការស​ហ​ប្រជាជាតិ​ ក៏បានមានប្រសាសន៍បន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងទៅប្រទេសឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិ​ជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើម្បីធ្វើយ៉ា ងណាឲ្យសហគមន៍អឺរ៉ុបនិងអាស៊ានមានទំនាក់ទំនង និងសហប្រតិបត្តិការល្អ។

ទន្ទឹមនឹងនេះ លោកទីប្រឹក្សា ក៏បានមានប្រសាសន៍ផងដែរថា លោកនឹងទៅធ្វើទស្សនកិច្ចជួបថ្នាក់ដឹកនាំសហ​គមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ហើយ លោក បានមានប្រ​សាសន៍ថាធ្វើយ៉ាងណានឹងជំរុញលើកស្ទួយកិច្ចសហប្រតិបតិ្តការរវាងសហគមន៍អឺរុប និងអាស៊ាន ដែលនឹងសង្កត់​ធ្ងន់ពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ។ លោក ក៏បានមានប្រសាសន៍ផងដែរថា លោក ពុំចង់ឃើញមានការបែកបាក់គ្នារវាងតំបន់និងតំបន់ទេ។

លោកទីប្រឹក្សា បានមានប្រសាសន៍ថា លោក នឹងឆ្លុះ​ប​ញ្ចាំ​ងពីភាពខ្លាំងនិង សារៈសំខាន់នូវកិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ទៅវិញ។ លោក បានមានប្រសាសន៍ថាអាស៊ាន គឺមានសក្តានុពលខ្ពស់បើបូកបញ្ចូលទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិ​សេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាច​យកមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរ​ភាព។ លោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋ​មន្ត្រី ទៀតថា លោក ត្រៀមជានិច្ចដើម្បីជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាព​លរដ្ឋកម្ពុជា និងសហការី របស់លោកដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។ លោកបានបញ្ជាក់ថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែ ក្លាយជាប្រទេសមួយដែលមានការផលិតស្បៀងទៅវិញ។ ពេលនោះទៀត រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលន យោបាយឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាង​ណាជំរុញឧស្សាហកម្មកម្ពុជា ក្នុងទិសដៅជំរុញកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពី១៥ឆ្នាំមុន លោកបានជួបជាមួយនឹងលោក Jeffrey D. Sachs គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺយើងពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍប្រកបដោយចីរភាពនេះគឺមានសារៈសំខាន់ណាស់ ហើយកត្តាសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។ ទន្ទឹមនឹងនេះ លោកបានមានប្រសាសន៍បន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាល​ពី១​៥​ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណ​តរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ​ជាពិសេសទៅ​ទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែរបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ​ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផងដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុជា​ មានកម្រិតទាប។ ក្នុងន័យនេះលោក បានមានប្រសាសន៍ថា យើងគប្បីណា​រួមគ្នា ធ្វើការដោះ​ស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ ​និងរាល់អ្វីៗ ដែលជាពាក់​ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បានដាក់​ចេញមក៕

អត្ថបទទាក់ទង