ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀតកាលពីយប់មិញ ជាអ្នកដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ដោយឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 55
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀតកាលពីយប់មិញ ជាអ្នកដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ដោយឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀតកាលពីយប់មិញ ជាអ្នកដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ដោយឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី ២៣ ខែឧសភា ឆ្នាំ ២០២០ នេះ បានអោយដឹងថា គិតត្រឹមម៉ោង ៩:៣០នាទីយប់ម្សិលមិញ ដែលត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១ករណីបន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១២៤នាក់ ខណៈពេលដែលចំនួនអ្នកជាសះស្បើយមាន ១២២នាក់ និងកំពុងសម្រាកព្យាបាលបន្តកើនដល់ ២នាក់ ។

បើតាមក្រសួងសុខាភិបាល អ្នកដែលទើបឆ្លងថ្មីនោះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នាងជាអ្នកដំណើរដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ដោយប្ដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ។

ក្រសួងបានគូសបញ្ជាក់ថា ពេលមកដល់កម្ពុជាភ្លាមនាងបានដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក ហើយបានទៅធ្វើតេស្តរកមេរោគកូវីដ-១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយនាងមានអការៈក្អក តឹងច្រមុះ និងស្ងួតបំពង់ក ប៉ុន្តែលទ្ធផលតេស្តនៅពេលនោះគឺអវិជ្ជមាន ។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានប្រាប់អោយនាងបន្តដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកអោយគ្រប់រយៈពេល ១៤ថ្ងៃ លុះដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យក៏បានយកសំណាករបស់នាងទៅធ្វើតេស្តម្ដងទៀត ហើយក៏ទទួលបានលទ្ធផលវិជ្ជមាន ។

បច្ចុប្បន្ននេះនាងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ ៕

 

 

អត្ថបទទាក់ទង