ក្រុមហ៊ុន Apple និង Google ដាក់អោយប្រើកម្មវិធីសម្រាប់បង្កើត App ទូរសព្ទដៃឆ្លាតវៃដែលនឹងប្រាប់អ្នកប្រើពីស្ថានភាពកូវីដ-១៩របស់អ្នកផ្សេងទៀតដែលនៅជិតខ្លួន
ក្រុមហ៊ុន Apple និង Google ទើបបានដាក់ចេញអោយប្រើនូវ Software សម្រាប់អោយអ្នកអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile Developer) អាចប្រើប្រាស់ ដើម្បីបង្កើតកម្មវិធីទូរសព្ទ (Mobile Application) ដែលទាក់ទងនឹងបញ្ហាមេរោគកូវីដ-១៩ បន្ទាប់ពីចំណាយពេលអស់ដ៏យូរ ។ កម្មវិធីទូរសព្ទដែលបង្កើតបានពី Software នេះនឹងជួយផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិពីស្ថានភាពនៃអ្នកនៅជុំវិញខ្លួនគេ ប្រសិនបើអ្នកទាំងនោះមានផ្ទុកមេរោគកូវីដ-១៩។
ក្រុមហ៊ុនទាំងពីរបានប្រកាសពីសំណើរសុំកិច្ចសហប្រតិបត្តិការពីអ្នកប្រើប្រាស់កាលពីខែមុន ក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេដើម្បីធ្វើអោយ Software នេះកាន់តែមានភាពសុក្រិត ក្នុងការតាមដាន និងគ្រប់គ្រងការឆ្លងរីករាលដាលនៃមេរោគនេះ។ ក្រុមហ៊ុនទាំងពីរក៏បានបង្ហើបថា មានប្រទេសចំនួន ២២ និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ Software របស់ពួកគេក្នុងការបង្កើតកម្មវិធីទូរសព្ទនេះ ។
Software នេះពឹកផ្អែកទាំងស្រុងលើបច្ចេកវិទ្យាឥតខ្សែ Bluetooth ដើម្បីរកមើលនៅពេលដែលនរណាម្នាក់ទាញយកកម្មវិធីនេះ បានចំណាយពេលនៅក្បែរអ្នកផ្សេងទៀតដែលប្រើកម្មវិធីនេះដែរ ដែលក្រោយមកធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩ ។
មានរដ្ឋាភិបាលនៃប្រទេសជាច្រើនបានព្យាយាមបង្កើតកម្មវិធីទូរសព្ទសម្រាប់គ្រប់គ្រង និងតាមដានរកមេរោគកូវីដ-១៩ដោយខ្លួនឯង ប៉ុន្តែភាគច្រើនពុំទទួលបានជោគជ័យឡើយ ។ កម្មវិធីដែលពួកគេទាំងនេះបានបង្កើតឡើងភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យា GPS និងដែលមានបញ្ហាជាមួយប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ ក្រុមហ៊ុន Apple និង Google បានសម្រេចលុបមុខងារ GPS ចេញពី Software ថ្មីនេះ ដោយព្រោះតែមានការតវ៉ាពីសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ ។
ទីភ្នាក់ងារសុខភាពសាធារណៈមួយចំនួនរបស់អាល្លឺម៉ង់, រដ្ឋ Alabama និង South Carolina របស់អាមេរិក បានទន្ទឹងរង់ចាំ Software នេះដ៏យូរ ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្សេងទៀតមានការបារម្ភ ដោយសារតែការរឹតត្បិតផ្នែកឯកជនភាពរបស់ក្រុមហ៊ុនទាំងពីរធ្វើអោយមន្ត្រីសុខាភិបាលរបស់ប្រទេសទាំងនោះពុំអាចគ្រប់គ្រងទិន្នន័យដោយខ្លួនឯងបាន ។
អត្តសញ្ញាណនៃអ្នកប្រើប្រាស់កម្មវិធីនេះត្រូវបានលាក់ដោយបច្ចេកវិទ្យា Encryption រួមជាមួយនឹង anonymous identifier beacons ដែលតែងតែផ្លាស់ប្ដូរថ្មីជាញឹកញាប់ ។ កម្មវិធីនេះដើរបាននៅលើទូរសព្ទទាំង Android និង iOS ដែលផលិតតាំងពីឆ្នាំ 2015 មក ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះបានលើកឡើងថា នេះជា Software បង្កើតឡើងដោយការចាប់ដៃគ្នាដ៏កម្របំផុតរវាងក្រុមហ៊ុនយក្សទាំងពីរ ដែលនឹងអាចដោះស្រាយបាននូវរាល់បញ្ហាសំខាន់ៗនានាដែលរដ្ឋាភិបាលនៃប្រទេសមួយចំនួនកំពុងជួបប្រទះពេលដែលព្យាយាមបង្កើតកម្មវិធីទូរសព្ទដែលពឹងផ្អែកលើបច្ចេកវិទ្យា Bluetooth ។ រឿងដែលសំខាន់បំផុតនោះ គឺទូសព្ទ iPhones និង Android នឹងដើរយ៉ាងស្រួលជាមួយគ្នាដោយប្រើកម្មវិធីដែលបង្កើតពី Software នេះ និងបានបញ្ឈប់ការស៊ីថ្មទូរសព្ទច្រើនផងដែរ ៕