ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ ​ឃាតកម្ម​សម្លាប់​នារី​ ចេវ​ សុវឌ្ឍនា​​ តុលាការ​សាកសួរ​អ្នក​បើក​រថយន្ត ​លោក ​ឡាយ​ វណ្ណៈ​ ឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 71
ថ្ងៃនេះ ​ឃាតកម្ម​សម្លាប់​នារី​ ចេវ​ សុវឌ្ឍនា​​ តុលាការ​សាកសួរ​អ្នក​បើក​រថយន្ត ​លោក ​ឡាយ​ វណ្ណៈ​ ឡើងវិញ ថ្ងៃនេះ ​ឃាតកម្ម​សម្លាប់​នារី​ ចេវ​ សុវឌ្ឍនា​​ តុលាការ​សាកសួរ​អ្នក​បើក​រថយន្ត ​លោក ​ឡាយ​ វណ្ណៈ​ ឡើងវិញ

(ភ្នំពេញ)​​៖​ នៅ​ថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៨​​នេះ​ លោក ​កូយ​ សៅ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានសាកសួរ​អ្នក​បើក​រថយន្ត​លោក ​ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ ​ជុំ​វិញ​អំពើ​ឃាតកម្ម​សម្លាប់​នារី​ ចេវ​ សុវឌ្ឍនា​​។ លទ្ធផល​នៃ​ការ​សាកសួរ​នេះ​ ពុំ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹងទេ​ ដោយ​មន្ត្រី​តុលាការ​អះអាងថា​ជា​ការ​សម្ងាត់ ​នៃ​ការ​ស៊ើបសួរ​។

គួរ​បញ្ជាក់​ថា​ លោក​ កូយ​ សៅ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​​បក្ខពួក​៣នាក់​ទៀត​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​​។ ចំណែក​មនុស្ស​ពីរនាក់​ទៀត​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ព្រោះ​មិន​ជាប់​ពាក់ព័ន្ធ​​។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានថ្លែង​ថា​ អយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ​ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទ​ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ​លាក់បាំងតម្រុយ តាមមាត្រា​៥៣២ នៃក្រមព្រហ្មទណ្ឌ​។​

ជនសង្ស័យត្រូវចោទទាំង៤នាក់ រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស​លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ​ថូត ជា​អ្នកបម្រើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មានឈ្មោះ ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និងឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡានឲ្យ​​លោក ​ឡាយ ​ណា​រិ​ទ្ធ។

លោក​ ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និង​​លោក​ ឡាយ​ ណារិទ្ធ​ ​អាយុ៤៦ឆ្នាំ​ ជាប់​ចោទប្រកាន់ពីបទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង​​ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ​ ជាប់​ចោទប្រកាន់ពីបទ​លាក់បំបាំងតម្រុយ​ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ​​។​

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា៖ មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយ ដូចបានកំណត់ក្នុងមាត្រា​២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)​ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។

មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកនលែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕

ប្រភព៖ Fresh News