រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទតាព្រហ្ម
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។
ក្នុងឱកាសនោះ អ្នកជំនាញឥណ្ឌា បានពន្យល់លោកស្រី អំពីគម្រោងជួសជុលខ្លោងទ្វារខាងកើតនាពេលខាងមុខដ៏ខ្លី ព្រមទាំងដំណើរការរីកចម្រើននៃការងារជួសជុលសាលរបាំប្រាសាទតាព្រហ្ម។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ជាពិសេសសាទរចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានឱ្យអនុសាសន៍ដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ឱ្យក្រុមការងារត្រូវគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដែលអ្នកជំនាញការអាយស៊ីស៊ី-អង្គរបានផ្តល់ជូនដល់ក្រុមការងារទាំងអស់៕