ខ្មែរប៉ុស្ដិ៍ Close

តើរមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ «ស្រះស្រង់» មានប្រវត្តិបែបណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 62

បើតាមទំព័រហ្វេសប៊ុក មរតកកម្ពុជា រមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ «ស្រះស្រង់» ស្ថិតនៅលើផ្លូវវង់តូច ទល់មុខនឹងប្រាសាទបន្ទាយក្ដី ដែលមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តសៀមរាប ។ អ្នកដំណើរអាចជិះកង់កំសាន្តតាមផ្លូវខាងក្រោយប្រាសាទអង្គរវត្ត បន្តរហូតដល់ប្រាសាទក្រវ៉ាន់ រួចមកដល់ប្រាសាទបន្ទាយក្ដី និងស្រះស្រង់ ។ ឬមួយអ្នកដំណើរក៏អាចធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្រតម្រង់ទៅដល់ពាក់កណ្ដាលផ្លូវពីអង្គរវត្តទៅស្រះស្រង់ផងដែរ ។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ទំព័រហ្វេសប៊ុក មរតកកម្ពុជា

ស្រះស្រង់ព្រះបាទជ័យវរ្ម័នទី៧!

ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។

ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់។
បុ៉ន្តែក៏មានការកត់សំគាល់ខ្លះផងដែរចំពោះតួនាទីប្រាសាទដ៏តូចមួយដែលឋិតនៅចំកណ្តាលស្រះស្រង់នោះ ដែលបង្កើតនូវជំនឿថា ជាទឹកមន្តដ៏ស័ក្តិសិទ្ធពោរពេញដោយបារមីនិងតេជានុភាពក្នុងការលើករាសីព្រះមហាក្សត្រតាមបែបពិធីពុទ្ធរាជ ឬក៏ការស្រោចស្រង់មនុស្សសត្វក្នុងវដ្តសង្សារនេះ។ បើពិតយ៉ាងដូច្នេះមែន មុខងារនៃទឹកស្រះស្រង់ក៏មិនខុសពីទឹកអម្រិតនៃប្រាសាទនាគព័ន្ធបុ៉ន្មាននោះដែរ។

គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។

នៅឆ្នាំ២០១៦នេះ ដោយយមានការបារម្ភថា ស្រះស្រង់អាចនឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត អាជ្ញាធរជាតិអប្សរាអះអាងថា បានត្រៀមខ្លួនរួចរាល់សម្រាប់ជួយសង្គ្រោះស្រះស្រង់នេះ។ ការត្រៀមខ្លួននេះ គឺតាមរយៈការស្តារប្រឡាយដែលមានប្រវែង៧គម ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់ ៕

អត្ថបទទាក់ទង