ខ្មែរប៉ុស្ដិ៍ Close

សមត្ថកិច្ចចម្រុះចុះទប់ស្កាត់ការទន្ទ្រានព្រៃឈើក្នុងឧទ្យានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
សមត្ថកិច្ចចម្រុះចុះទប់ស្កាត់ការទន្ទ្រានព្រៃឈើក្នុងឧទ្យានអង្គរ សមត្ថកិច្ចចម្រុះចុះទប់ស្កាត់ការទន្ទ្រានព្រៃឈើក្នុងឧទ្យានអង្គរ

ក្រុមការងារចម្រុះ រួមមានមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានចុះពិនិត្យមើលការកាប់ទន្ទ្រានព្រៃនៅក្នុងឧទ្យានអង្គរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេផ្លូវ៦០ម៉ែត្រ។

លោក បេង ប៊ន មន្ត្រីទទួលបន្ទុកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលួចកាប់ទន្ទ្រានព្រៃឈើ នៅខាងកើតប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ៦០ម៉ែត្រ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ តែក្រោយការទប់ស្កាត់ឃើញថាសកម្មភាពទាំងនោះបានបញ្ឈប់ហើយ។ ដោយឡែកក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ សកម្មភាពកាប់ទន្រ្ទានដុតព្រៃបានកើតឡើងម្តងទៀត។ ជនដែលសកម្មក្នុងការកាប់ព្រៃនេះ មានឈ្មោះ ថៃ ធឿង ដែលមានទំហំប្រមាណជាកន្លះហិចតានៅខាងក្រោយផ្ទះរបស់ខ្លួន រួមនឹងកន្លែងផ្សេងៗទៀតជាច្រើនកន្លែង។ មួយចំណុចទៀតនៅឆៀងមុខផ្ទះ ថៃ ធឿង មានទំហំប្រមាណ៣០ម៉x៤០ម៉ ដែលបង្កដោយជនមិនស្គាល់ឈ្មោះ។

លោក បេង ប៊ន បញ្ជាក់ទៀតថា ការលួចកាប់នេះ ធ្វើឡើងពេលក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាអវត្តមាន ដូចជាពេលបុណ្យចូលឆ្នាំ ថ្ងៃសម្រាកបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុននិងក្រោយពេលចូលនិងចេញធ្វើការរបស់ក្រុមការងារ។ ពួកគេតែងលួចកាប់បន្តិចម្តងៗជារៀងរាល់ថ្ងៃ លុះពេលហាមឃាត់ ហើយសួរនាំ ក៏ឆ្លើយថា គ្រាន់តែដើរកាប់ដើម្បីហាត់ប្រាណឬក៏ប្រើពាក្យជេរប្រទេចតបមកក្រុមការងារ ហើយអះអាងថាព្រៃទាំងអស់នេះ ជាកម្មសិទ្ធិរបស់ខ្លួន ទាំងដែលខ្លួនត្រឹមជាអ្នកចំណូលស្រុកប៉ុណ្ណោះ ហើយអ្នកខ្លះទៀតត្រូវចៅសង្កាត់អះអាងថាមិនមានឈ្មោះជាប្រជាជនស្ថិតក្នុងភូមិស្រុករបស់ខ្លួនឡើយ។

ដោយមូលហេតុអាជ្ញាធរជាតិអប្សរា មិនមានសមត្ថកិច្ចក្នុងការដាក់ទោសទណ្ឌចំពោះជនបង្កបទល្មើស ក៏តែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធផ្សេងៗដើម្បីទប់ស្កាត់។ ជាក់ស្តែង លោក ង៉ា ចុង ចៅសង្កាត់នគរធំ ក៏បានរំឭកថា ច្រើនដងណាស់ដែលលោកហៅ ថៃ ធឿង ទៅជួបដើម្បីនិយាយគ្នា តែជននេះមិនសូវទៅ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យានឹងបុគ្គលនេះច្រើនដងដែរកន្លងមក តែធ្វើរួច ជននោះនៅតែមិនបញ្ឈប់សកម្មភាពរបស់ខ្លួន។ លោកក៏បានលើកឡើងថា ដើម្បីទប់ស្កាត់ឱ្យបាន ក្រុមការងារទាំងអស់ ពិសេសមន្ត្រីប៉ូលិសបេតិកភណ្ឌត្រូវដាក់កម្លាំងតាមគ្រប់ជំហាននិងបង្ក្រាបលើបទល្មើសជាក់ស្តែង ហើយដាក់ទោសឱ្យសមនឹងកម្រិតទោស ទើបរាងចាល ដោយមិនអាចយោគយល់បានឡើយ ព្រោះកន្លងមកការយោគយល់ គឺគ្មានប្រសិទ្ធិភាពចំពោះជននេះ។

ដោយឡែក សម្រាប់មន្ត្រីប៉ូលិសបេតិកភណ្ឌ បានអះអាងថា ចំពោះករណីដុតព្រៃនិងកាប់ព្រៃទន្រ្ទានយកដីនេះ គឺមិនបានដឹងព័ត៌មានឡើយ តែពីពេលនេះទៅ ក្រុមការងារនឹងចុះល្បាត ហើយសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ដោយការចុះល្បាតឱ្យបានញឹកញាប់ ពិសេសបន្ថែមលើម៉ោងការងារដែលក្រុមអាជ្ញាធរជាតិអប្សរាផុតម៉ោងធ្វើការ។

គួរបញ្ជាក់ជូនថា សម្រាប់ការចុះពិនិត្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារចម្រុះមិនបានឃើញមានអ្នកបង្កហេតុឡើយ ព្រោះពួកគេបានគេចខ្លួនអស់ ហើយនឹងសម្ងំក្នុងផ្ទះ។ លើសពីនោះ ក៏បានឃើញការកាប់បន្ថែមទៀត ដែលតាមការស្មានគឺធ្វើឡើងមួយថ្ងៃពីរថ្ងៃមុននេះ ពេលក្រុមការងារផុតម៉ោងការងារ ៕


អត្ថបទទាក់ទង