អាជ្ញាធរជាតិអប្សរាបានបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណ ឈ្មោះ ត្រពាំងហែផ្កា
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាលាក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ការបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណខាងលើគឺដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ទន្ទឹមនឹងនេះតទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា ក៏នឹងមានគម្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបទាំងមូល ដែលមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា បានកំណត់តំបន់ការពាររួចហើយ គឺក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបុរាណដ្ឋាន សម្រាប់ទុកជាមរតកវប្បធម៌ប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួនផងនិងដើម្បីបម្រើវិស័យទេសចរណ៍ផង៕